ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកូរ៉េ បញ្ជាក់ថាពលករខ្មែរ បាន​រួម​ចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់សាធារណរដ្ឋ​កូ​រ៉េ​

ភ្នំពេញ៖ លោកស្រី Kang Kyung-wha រដ្ឋ​មន្រ្តី​ការ​បរទេស​ នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ពលករខ្មែរដែលស្នាក់នៅ និងធ្វើការងារនៅកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ ។ នេះបើយោងតាម AKP ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការបរទេសខ្មែរ ​បានជួបពិភាក្សាទ្វេ​ភា​​គី ជាមួយ​លោកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេសនៃ​សាធារ​ណ​រដ្ឋ​កូរ៉េ ។

ក្នុងជំនួបទ្វេភាគីនោះ លោកស្រី Kang Kyung-wha បានស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសម្តែង​នូវកា​រ​សោ​ក​ស្តាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនអាចអញ្ជើញមកចូល​រួមកិច្ច​ប្រជុំកំពូល​រម្លឹ​ក​​ខួប អនុស្សាវរីយ៍អាស៊ាន-សាធារណដរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូ​សា​ន​បាន ដោយសារមាតាក្មេករបស់សម្តេច​មាន​ជំងឺ​ធ្ងន់ធ្ងរដែលត្រូវការចាំបាច់នូវផ្សល់កម្លាំងចិត្ត និ​ង​​ការយកចិត្តទុកដាក់ពីក្រុមគ្រួសារ។ លោកស្រី ក៏បានពាំនាំនូវការជូនពរជ័យ ពីលោកប្រ​ធា​នាធិបតី មូន ចែអ៊ុន ដែលជូនពរឲ្យ​មាតាក្មេករបស់ សម្តេចតេជោ ឆាប់ជាសះ​ស្បើ​យ​ពី​ជំងឺ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោកស្រី Kang Kyung-wha ស​​ម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការជូនពររបស់លោកប្រធានាធិបតី មូន ចៃអ៊ុន។ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សម្តេចតេជោ បានផ្តល់សារៈ​សំខាន់យ៉ាង​ខ្លាំ​ង​ ចំ​ពោះកិច្ចប្រជុំកំពូលទាំងពីរនេះ ពីព្រោះសម្តេចតេជោ គឺជាបុគ្គលដែលជំរុញយ៉ាងខ្លាំង​ក្នុង​កា​​រ​ឱ្យមានកិច្ចប្រជុំកំពូលរម្លឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងជាអ្នកដែលផ្ដួច​ផ្ដើមឲ្យ ​កិច្ចសហប្រតិបត្តិការមេង្គ-សាធារណរដ្ឋកូរ៉េ ឈានឡើងដល់កម្រិតកិច្ចប្រជុំកំពូល។

លោកឧបនាយករដ្ឋមន្រ្ដីក៏បានរម្លឹកដែរថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានា​ធិបតី មូន ចៃអ៊ុន នៅ​កម្ពុ​ជា​ កាលពីដើមឆ្នាំកន្លងមកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងបានរួម​ចំណែកធ្វើ​ឱ្យទំនាក់ទំ​ន​ង​​ទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ កាន់តែស៊ីជម្រៅថែម​ទៀត។ លោកជឿជាក់ថា កិច្ចប្រជុំនៅ​ក្នុង​ពេលនេះ នឹងរួមចំណែកធ្វើឲ្យកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងពហុភាគីខ្ពស់​ឡើង មួយ​ក​ម្រិ​ត​ថែមទៀត។

ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើសុំការគាំទ្រ និងមានកិច្ចសហប្រតិ​បត្តិការ ពីសាធារណរដ្ឋកូរ៉េ នៅ​ក្នុង​វិស័យកសិ-ឧស្សាហកម្ម និងដំណើរការវេចខ្ចប់កសិកម្ម។ ទន្ទឹមគ្នានេះលោកឧបនាយករដ្ឋមន្រ្ដី បានស្នើ​សុំឲ្យមានការគាំទ្រលើ គម្រោងព្រៃឈើចំនួនពីរ រួមមាន ការបង្កើតស្ថានីយ៍ដើមព្រៃឈើ​ឡើង​វិញ ​​នៅខេត្តសៀមរាប និងការបង្កើនការគាំទ្រ​សម្រាប់ប្រតិបត្តិការ មជ្ឈមណ្ឌល​កិច្ចសហ​ប្រតិ​ប​ត្តិ​ការព្រៃឈើមេគង្គ-សាធារណរដ្ឋកូរ៉េ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រដ្ឋ​មន្ត្រីការ​បរទេស​ទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខា ស្តីពីការសិក្សារួមគ្នាលើ​តំបន់ ពា​ណិ​​ជ្ជកម្មសេរី​កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងជួយពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់​តែ​កើ​​ន​ឡើងថែម​ទៀត។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ដល់​កូរ៉េ សម្រាប់ការរួមចំណែក ដល់ការអភិវឌ្ឍនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ តា​ម​​រយៈការ​បង្កើន​កម្ចីសម្បទានពី ៣៥០លានដុល្លារ ដល់៧០០លានដុល្លារ ស​ម្រា​ប់ឆ្នាំ​២០១៩-២០២៣។ លោកក៏បានថ្លែងអំណរគុណដល់កូរ៉េ សម្រាប់​ជំ​នួ​យ​ចំនួន ១០លានដុល្លារ ដើម្បីប្រតិបត្តិការដោះមីននៅខេត្តចំនួនបី​ ដែលរងគ្រោះដោ​យ​​សារ​គ្រាប់មីនធ្ងន់ធ្ងរ គឺខេត្តបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ។ ចំពោះវិស័យ​ការងារ​វិ​ញ​ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់កូរ៉េ ដែលបានបង្កើន​ចំនួន​កូ​តាពលករ​ខ្មែ​រ​ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលមិនត្រឹមតែបានជួយឱ្យមានចំណូ​ល ខ្ពស់សម្រាប់​ព​ល​ករ និងគ្រួសាររបស់ពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឲ្យពួកគេ​មាន ជំនាញខ្ពស់​ស​ម្រា​​ប់ប្រកបរបរ នៅពេលត្រលប់ទៅកម្ពុជាវិញ។

ជាការឆ្លើយតប លោកស្រី Kang Kyung-wha ទទួ​លយកសំណើរបស់កម្ពុជាពាក់ព័ន្ធ នឹងគម្រោងព្រៃឈើ ដើម្បីដាក់ជូនឯកឧត្តម​ប្រធានាធិ​ប​តី​។ សម្រាប់វិស័យពាណិជ្ជកម្មទ្វេ ភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ លោកស្រីបានបញ្ជាក់ថា បា​ន​ឈានដល់ប្រមាណជិតមួយ ប៊ីលាន​ដុល្លារអាម៉េរិក។

លោកស្រី គូសបញ្ជាក់​​ថា ពលករខ្មែរនៅកូរ៉េ បាន​រួម​ចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់សាធារណរដ្ឋ​កូ​រ៉េ ​។ ទន្ទឹមនេះ លោកស្រីបានធានា អំពី​ការបន្តជួយដល់វិស័យដោះមីននៅកម្ពុជា។ លោកស្រីក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីគម្រោង​រៀបចំកិច្ច​ប្រជុំ​កំពូល ភាពជាដៃគូសម្រាប់កំណើតបៃតង (Partnership for Green Grow) នៅពាក់​កណ្តា​ល​ ឆ្នាំ២០២០។

បន្ទាប់ពីជំនួបរបស់ប្រមុខការទូត នៃប្រទេសទាំងពីរ កម្ពុជានិងសាធារណរដ្ឋ​កូរ៉េ បាន​ចុះ​ហត្ថ​លេខាលើឯក​សារ សារសំខាន់ៗចំនួន៥ ដែលក្នុងនោះឯកសារចំនួន៣ត្រូវបានចុះ​ហត្ថ​លេ​ខានៅក្រោយកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ។ ឯកសារចំនួនពីរផ្សេង​ទៀ​ត​ចុះ ហត្ថលេខានៅក្រៅជំនួប ដែលឯកសារសំខាន់ៗទាំង៥នោះរួមមាន ១. កិច្ចព្រមព្រៀង​ស្តី​ពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និង​ការចៀសវាងពន្ធ។ ២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក​ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទ​​ណ្ឌ​។ ៣. អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ៤. អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និ​ង ​ព័ត៌​មាន។ ៥. សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើម ការសិក្សារួម​គ្នាលើលទ្ធភាព​បង្កើ​ត ​កិច្ច​​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ៕

To Top
×