នយោបាយ

មុត ចន្ថា រិះគន់សម រង្ស៊ីថា គ្មានអ្វីថ្មី ក្រៅពីនិយាយដដែលៗ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ

ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី តែងតែលើកឡើងដដែលៗថា ចង់រួមដំណើរធ្វើនយោបាយ ជាមួយលោកកឹម សុខា ហើយថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនោះ លោក មុត ចន្ថាដែលជាមនុស្សជំនិត របស់លោក កឹម សុខា បានរិះគន់ដោយចំៗថា គ្មានអ្វីថ្មីទេ គ្រាន់ពីតែនិយាយពាក្យដដែលៗ ដោយគ្មានឥទ្ធិពលអ្វីឡើយ ។

លោក សម រង្ស៊ី ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩បានឡើងជាថ្មីទៀតថា “សម រង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ ហើយសូមប្រាប់ទៅហ៊ុន សែនវិញថា ហ៊ុន សែន មិនអាចបំបែក កឹម សុខា ពីសម រង្ស៊ីបានទេ ពីព្រោះយើងមិនមែនល្ងង់ រហូតចាញ់បោក ហ៊ុន សែន បែកគ្នា ដើម្បីឲ្យហ៊ុនសែន ឈ្នះងាយៗបាននោះទេ” ។

ក្រោយឃើញ នៅតាមបណ្តាញសង្គមបែបនេះ លោក មុត ចន្ថា តបទៅវិញតាមហ្វេសប៊ុកដែរថា “គ្មានអ្វីថ្មី គ្រាន់តែនិយាយដដែលៗ បរាជ័យដដែលៗ សម្តីគ្មានឥទ្ធិពលអ្វីទៀតទេ កាន់តែបាត់បង់នូវជំនឿ ពីមហាជនជិតអស់ហើយ” ។

លោកចាត់ទុកការនិយាយ របស់លោក សម រង្ស៊ី គ្រាន់តែការនិយាយ កំដរអ្នកសារព័ត៌មាន ឲ្យមានរឿងសរសេរ កុំឲ្យភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ ។

មនុស្សជំនិតសង្កត់ធ្ងន់ថា ទោះបីជាលោក សម រង្ស៊ី ចង់បរិយាអ្វី បរិយាទៅ គឺលោក កឹម សុខា មិនលោតតាមគេចាក់ឡើយ ព្រោះសំឡេងបក្សប្រឆាំងជាផ្លូវការ ទូតតំណាងប្រទេសនីមួយៗ គេមកនិយាយជាមួយលោក កឹម សុខា ដល់ផ្ទះ ។

ចំពោះភាសាជាមនុស្សតែមួយ ដែលលោក សម រង្ស៊ី លើកឡើងជារឿយៗនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញទស្សនថា លោក សម រង្ស៊ី មានមនោគមន៍វិជ្ជារត់ចោលស្រុក ឯលោក កឹម សុខាមានមនោគមន៍វិជ្ជារស់នៅក្នុងប្រទេស នេះហើយដែលហៅថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយមែន ។

ប៉ុន្តែសម្រាប់ លោក គឹម សុខ ដែលជាអ្នកវិភាគ រត់ទៅរស់នៅក្រៅប្រទេស បានបញ្ចេញយោបល់ដែរថា គួរតែចាប់ផ្តើមអនុវត្តនូវទឹ្រស្តី សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែ១ហើយ ឲ្យផុតពីការនាំគ្នា ចេះត្រឹមតែសូត្រចោល គឺធ្វើយ៉ាងណា ឲ្យក្លាយទៅជាសកម្មភាពប្រតិបត្តិជាក់ស្ដែង។

លោក គឹម សុខ បន្តថា បើធ្វើបានបែបនេះ របស់អតីតមេបក្សប្រឆាំងពិតមែននោះ នេះគឺជាឆន្ទៈ និងសេចក្ដីប្រាថ្នារបស់ប្រជារាស្ត្រ ។ បានសេចក្ដីថា ទាល់តែមានការរួបរួម ចលនាអ្នកប្រជាធិបតេយ្យ ក្នុងបុព្វហេតុជាតិ តាមឆន្ទៈរបស់ប្រជារាស្ត្រ ៕ ដោយ៖ធី លីថូ

To Top