ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធមីទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះ លើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាជាច្រើនផងដែរ ធ្វើឡើងនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។
សម្តេច ហេង សំរិន បានថ្លែងថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្រ្គោះទាំងអស់គ្នា ឲ្យចាកផុតពីមហន្តរាយល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍ជាតិនៅគ្រប់ទិសទី ជាពិសេសធ្វើឲ្យមាតុភូមិកម្ពុជា កែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ។
សម្តេចបានគូសបញ្ជាក់ថា “ទោះបីជាអស់រយៈពេល ៤១ឆ្នាំកន្លងផុតទៅហើយក្តី យើងទាំងអស់គ្នា ពិតជាមិនអាចបំភ្លេចបាននូវអតីតកាល ងងឹតសូន្យសុង ដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ” ។
សម្តេចបន្តថា ២ធ្នូ ១៩៧៨ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” បច្ចុប្បន្នត្រូវបានដូរឈ្មោះជា រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ដែលជាអង្គការចាត់ តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងក្នុងតំបន់រំដោះ នាភូមិជើងឃ្ល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីមិត្តភក្តិជិតឆ្ងាយលើសកលលោក ដើម្បីផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យរហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។ មហាជ័យជំនះ ៧មករា ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ៕ ដោយ ស សំណាង