ភ្នំពេញ៖ ពិព័រណ៍រូបភាព កាលពី៤០ឆ្នាំមុន (១៩៧៩-២០១៩) ដែលត្រូវបានសម្រិតសម្រាំងក្រុមផលិតករថតរូបកម្ពុជា និងបរទេសមានរហូត ដល់ជាង ២ពាន់សន្លឹក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់បង្ហាញជាសាធារណៈនៅតាមដងទន្លេសាប ផ្លូវថ្មើរជើង ក្រោយសាលសន្និសីទចតុមុខដើម្បីអបអរសាទរក្នុងឱកាសភ្នំពេញ ធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដាក់បង្ហាញជាផ្លូវការ រូបភាពឯកសារនៃការវិវឌ្ឍ រាជធានីភ្នំពេញនារសៀលថ្ងៃ១ ធ្នូ បានថ្លែងថា ពិព័រណ៍រូបភាពនេះនឹងធ្វើឲ្យមហាជនយល់ពីកិច្ចខិតខំប្រឹងប្រែង រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនារាជធានីភ្នំពេញបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេ ក្រោយភ្នក់ភ្លើងសង្គ្រាម។
ក្នុងឱកាសនោះ លោក ព្យែរ ប៊ៃយ៉េ (Pierre Baillet) លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានកោតសរសើរ រាជធានីភ្នំពេញដែលរៀបចំពិព័រណ៍រូបភាពនេះបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋនៅតែ ចងចាំពីការដឹកនាំដល់ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលធ្វើឲ្យទីក្រុងមានការ អភិវឌ្ឍរីកចំរើនគួរកត់សម្គាល់ ។
លោកបញ្ជាក់ថា រាជធានីភ្នំពេញនឹងក្លាយជា ទីក្រុងគំរូសម្រាប់សមាជិក ទីក្រុងអភិបាលប្រើប្រាស់ភាសាបារាំង នៅទ្វីបអាហ្រិក ដើម្បីអនុវត្តតាម ។
នៅរសៀលថ្ងៃ១ ធ្នូនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ ភាសាបារាំងក៏បានរួមគ្នា សម្ពោធឧបករណ៍កម្សាន្តសំរាប់កុមារ និងឧបករណ៍ហាត់ប្រាណសំរាប់ពលរដ្ឋប្រើប្រាស់ នៅសួនព្រះនាងប្រាជ្ញាបារមី ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ ដល់ប្រជាជននិងសង្គមជាតិ ៕
ដោយ ម៉ៅ ដារាត់




