ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បំពាក់គ្រឿង ឥស្សរិយយស ជូនប្រធាន អនុប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការ អន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿង ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក Sugano Yuichi , លោក Tanaka Kotaro ជាប្រធាន អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន , មន្រ្តី JICA , ប្រធានទីប្រឹក្សាបច្ចេកទេស ជាបេសកជនជប៉ុន សរុបចំនួន 08 រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន លើវិស័យធនធានទឹក និងឧតុនិយម ។

ក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ដែលត្រូវបាន ព្រះករុណា
ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿង ឥស្សរិយយស តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Sugano Yuichi និងសហការី ខិតខំប្រឹងប្រែងបំពេញ នាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់ កិច្ចសហប្រតិបត្តិការបានល្អប្រសើរ រវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។

ជាមួយគ្នានោះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបាន និងកំពុងរួមចំណែក ជួយជ្រោមជ្រែងយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ដោយឡែកលើវិស័យធនធានទឹកផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ មកដល់សព្វថ្ងៃ ។

លោក Sugano Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា បានសំដែងនូវមនោសញ្ចេតនា រំភើបរីករាយ យ៉ាងក្រៃលែង ដែលលោកមាន កិត្តិយសបានទទួលនូវគ្រឿង ឥស្សរិយយសនៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះ លោករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា ប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម ។

លោកប្រធាន JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណជាពិសេស ចំពោះលោករដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អ ដល់រូបលោក និងសហការី ក្នុងការបំពេញការងារ នាពេលកន្លងមក និងសម្រាប់ពេលខាងមុខ ហើយនឹងបន្តឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីជាស្នូលកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកលូតលាស់ជាបន្ត ប្រកបដោយចីរភាព ។

សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍ដូចជា ការងារស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោង របស់ក្រសួងផងដែរ ៕

To Top