ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី (EU) ប្រចាំកម្ពុជា បានទទួលស្គាល់ថា ប្រទេសកម្ពុជា កំពុងដើរលើផ្លូវត្រូវ ក្នុងការជំរុញការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ ជាដើម ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Carmen Moreno មានប្រសាសន៍ថា “កម្ពុជាយើងមានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្ម ប្រកបដោយចីរភាព” ។
លោកស្រីបន្ដថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាទទួលបានហើយ សុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធ គឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។លោកស្រីថា EU បន្តជួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជា។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនូវការមើលឃើញពី សុខសន្តិភាព និងស្ថិរភាពកម្ពុជា។ គឺជាមូលដ្ឋានមួយដែលកម្ពុជា និងសហគមន៍អឺរុប អាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។
សម្តេចបន្ដថា ភាគីទាំងពីរគប្បីត្រូវឈរលើមូលដ្ឋាន ត្រឹមត្រូវនូវរាល់កិច្ចការងារ ដែលបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វី ដែលអាចសហការធ្វើការរួមគ្នាបន្តទៀត ក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនង រវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង ៕ ដោយ ៖ អេង ប៊ូឆេង