កីឡា

ទង់ជាតិកម្ពុជា ត្រូវបានបង្ហូតឡើងខ្ពស់ត្រដែត ក្នុងពិធីប្រគល់មេដាយមាស ជូនដល់កីឡាករ យ៉ុង ម៉េងលី

ភ្នំពេញ៖ទង់ជាតិកម្ពុជា ត្រូវបង្ហូតឡើងខ្ពស់ត្រដែតក្នុងពិធី ប្រគល់មេដាយមាស ជូនដល់កីឡាករ យ៉ុង ម៉េងលី ដែលដណ្ដើមបានមេដាយមាស ១គ្រឿង លើប្រភេទកីឡា Arnis វិញ្ញាសា Full Contact Padded Stick ទម្ងន់ ៦០-៦៥គីឡូក្រាម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុង ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅ ប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន នាយបេសកកម្ម ស៊ីហ្គេមកម្ពុជាបានបញ្ជាក់ថា មេដាយមាសទី១ របស់កម្ពុជាពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺទទួលបាននៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ខណៈមេដាយចំនួន៩គ្រឿងផ្សេងទៀត បានមកពីកីឡាស៊ីដក់ លើវិញ្ញាសាទាត់សី ចូលកន្ត្រក មេដាយប្រាក់១គ្រឿង និងមេដាយប្រាក់២គ្រៀងទៀត រកបានលើប្រភេទ កីឡា ប្រពៃណីហ្វីលីពីន Arnis កីឡាករ យ៉ុង ម៉េងលី លើវិញ្ញាសាប្រយុទ្ធបុរស Live Stick ទម្ងន់ ៦០-៦៥គីឡូក្រាម និងកីឡាការិនី ស៊ីវន្នី សូនីតា លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៥៥-៦០ គីឡូក្រាម ។ ចំពោះសំរឹទ្ធិ៦គ្រឿងទៀតរកបានលើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ដែរ ដោយកីឡាករ ឌីម ង៉ែត ទម្ងន់ក្រោម៥៥ សំរឹទ្ធិ, សុខ ឈុនទំងន់ ៥៥-៦០, មឿន ប៊ុនលី ទំងន់ លើ៦៥ ខណៈវិញ្ញាសា Live Stick នារី កីឡាការិនី ខៀវ ចិន្ដារ័ត្ន ទម្ងន់ក្រោម ៥០គីឡូក្រាម, យស់ សញ្ចនា ទម្ងន់ ៥០-៥៥ និងកីឡាការិនិ បួ ចន្ទី លើទម្ងន់៦០ ។

សម្រាប់ការប្រកួតថ្ងៃទី០១ ខែធ្នូ ម្សិលមិញនេះ គឺមាន៧ប្រភេទកីឡា គឺបាល់ទះ វាយសី កាយសម្ព័ន្ធ សីដក់ កីឡារំា ល្បុក្កតោ (Arnis) និងបាល់បោះ៣នាក់ ទល់៣នាក់ ប៉ុន្តែ មានតែ២ប្រភេទកីឡាប៉ុណ្ណោះ ដែលឈានដល់មេដាយ គឺសីដក់ និងល្បុក្កតោ Arnis ខណៈ ៥ប្រភេទកីឡាទៀត កំពុងប្រកួតជម្រុះលើវិញ្ញាសានានាជាបន្តបន្ទាប់ ។

ចំពោះកម្មវិធីប្រកួតថ្ងៃទី២ ខែធ្នូនេះដែរ មានបាល់ទាត់U22 ដែលក្រុមកម្ពុជា ជួប មីយ៉ាន់ម៉ា ដែលផ្សាយបន្តផ្ទាល់ ជូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសលើទូរទស្សន៍ រស្មីហង្ស មាស HDTV វេលាម៉ោង ៧:០០នាទី, បាល់បោះ ៣នាក់ទល់៣នាក់, សីដក់, ល្បុក្កតោ Arnis, វាយកូនបាល់ និងប៉េតង់ ដែលប្រភេទកីឡាទាំងអស់នេះ ប្រកួតនៅក្រុងផ្សេងៗគ្នាចំនួន៣។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជា បញ្ជូនប្រតិភូ មន្ត្រី កីឡាករ កីឡាការិនីសរុប៤៤៧នាក់ ហើយមានប្រភេទកីឡាចំនួន៣១។ គិតមកដល់ត្រឹម ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួន មិនទាន់មកដល់ហ្វីលីពីនអស់នៅឡើយ ដោយសារកីឡាខ្លះត្រូវមកប្រកួតនៅចុងព្រឹត្តិការណ៍ ពោលគឺថ្ងៃទី៧ ខែធ្នូ ខាងមុខទើបមកដល់ទាំងអស់ ៕

To Top