ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មានឆន្ទៈខ្ពស់ លុបបំបាត់ ឧបសគ្គនានា ដើម្បីបង្កើនឱកាស ដល់ជនពិការ (វីដេអូ)

ភ្នំពេញ ៖ បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសការងារ ដល់ជនពិការ រួមទាំងបង្កើតយុទ្ធនាការ ប្រើប្រាស់ភាសាលើកទឹកចិត្ត ដោយមិនអនុញ្ញាត ឲ្យប្រើពាក្យអសុរស ប្រមាថ មាក់ងាយ និងរើសអើងពួកគេឡើយ ។

ក្នុងពិធីអបអរសាទរសន្និបាត បូកសរុបការអនុវត្តផែន ការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈាន ទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឲ្យជនពិការ កាន់តែទទួលបានការគាំទ្រពីសង្គម។

សម្ដេចមានប្រសាសន៍ថា “រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាស ដល់ជនមានពិការភាព រួមទាំងបង្កើតនូវយុទ្ធនាការ ប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ ស្តីពី កិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការដែលបានអនុម័តប្រកាសឲ្យប្រើតាំងពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩” ។

សម្ដេចបន្ដថា រាជរដ្ឋាភិបាលបានដាក់ចេញគោល នយោបាយអភិវឌ្ឍន៍ជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើន សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ។ សម្ដេចថា សិទ្ធិរបស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ-អន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើង ដើម្បីធានាសិទ្ធិស្មើភាពគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងមិនមានពិការភាព។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលបានចំណាយថវិកា រដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាព នៅកម្ពុជា សំដៅជួយពួកគេ និងក្រុមគ្រួសារឲ្យ ទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។

ដើម្បីចូលរួមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រជាតិនេះ សម្ដេច ស ខេង អំពាវនាវ ឲ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ត្រូវបន្តពង្រឹងពង្រីក វិធានការទប់ស្កាត់ពិការភាព ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ត្រូវពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនមានពិការភាពផ្ទាល់ ។ ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ឲ្យអនុវត្តដោយស្ម័គ្រចិត្ត ជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារ ៕ ដោយ ៖ អេង ប៊ូឆេង

To Top