ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួបសវនាការ ជាមួយលោកស្រី ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចំាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជាឲ្យកាន់តែល្អថែមទៀត ។
ក្នុងជំនួបនេះ សម្តេចក៏មានក្តីសង្ឃឹមថា បេសកកម្មការទូតថ្មីរបស់លោកស្រី ខាម៉ិន ម៉ូរ៉េណូ នៅកម្ពុជា ពិតជាមានសារៈសំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អឺរ៉ុបឲ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-អឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នា កសាងភាពសុខដុមរមនា និងភាពសំបូររុងរឿងដល់ប្រជាជនទាំងសងខាង ។ មិនតែប៉ុណ្ណោះមិត្តភាពនេះ ក៏ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។ ជាមួយគ្នានេះ សម្តេច ហេង សំរិន ក៏បានកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។
ចំណែកលោកស្រី ខាម៉ិន ម៉ូរ៉េណូ បានលើកឡើងថា ក្នុងរយៈពេលប្រមាណជា២៥ឆ្នាំកន្លងមក អឺរ៉ុបបានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ហើយបេសកកម្មនេះអឺរ៉ុបនៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនកម្ពុជា ។
លោកស្រីដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់អឺរ៉ុបមកកម្ពុជាកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរដ្ឋសភាដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ៕ ដោយ ស សំណាង