ព័ត៌មានជាតិ

អភិបាលក្រុងប្រាហ្សាវិលថា រាជធានីភ្នំពេញ ជាទីក្រុងវ័យចំណាស់ និងមានភាពធន់ (វីដេអូ)

ភ្នំពេញ ៖ លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធាន សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានកោតសរសើរ ចំពោះរាជធានីភ្នំពេញថា ជាទីក្រុងមួយ ដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ។

នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា បានលើកឡើងថា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ច នៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះ គឺថា រាជធានីភ្នំពេញជាទីក្រុងមួយ ដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ ។ ក្នុងន័យនេះ លោកនិងប្រតិភូទាំងមូល ក្នុងឱកាសចូលរួមកិច្ចប្រជុំអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) នឹងប្រឹងប្រែងធ្វើយ៉ាងណា ធ្វើការសង្កេតការណ៍ និងសិក្សាពីកម្ពុជា ដើម្បីយកបទពិសោធន៍ទៅអនុវត្ត នៅតាមប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះសម្ដេចតេជោវិញ បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុង នៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារសំខាន់។

សម្តេចបន្តថា ទីក្រុងភ្នំពេញ ក៏បានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញ គឺត្រូវបានបំផ្លាញ ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេច បានក្រែក្លាយក្រុងភ្នំពេញ មានការរីកចម្រើនដូចបច្ចុប្បន្ន៕

To Top