ព័ត៌មានជាតិ

ជិះម៉ូតូបុក រថយន្តកំពុងបត់ ដាច់កជើង ម្ខាង និងម្នាក់ទៀត របួសស្រាល

ភ្នំពេញ ៖ យុវជនពីរនាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តកំពុងបត់ បណ្តាលឲ្យដាច់កជើងម្ខាង និងម្នាក់ទៀត រងបួសស្រាល កាលពីវេលាម៉ោង១៩និង១៥នាទីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ក្នុងភូមិក្រពើហារខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-0739 អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ។ រថយន្តមានទិសដៅពីជើងទៅត្បូង ខណៈកំពុងបត់ឆ្វេង ត្រូវម៉ូតូ១គ្រឿងម៉ាកហុងដា 125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-9330 បើកបរដោយជនរងគ្រោះឈ្មោះពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិព្រែកឡុង សង្កាត់តាក្ដុលក្រុងតាខ្មៅ បានបុករថយន្ត ចំចំហៀងខាងស្ដាំ ផ្នែកខាងមុខបណ្តាលរងរបួសដាច់កជើងខាងស្ដាំ ហើយត្រូវបានរថយន្តសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរនៅមន្ទីរពេទ្យជ័យជំនះ និងម្នាក់ទៀតជាអ្នករួមដំណើរ ពីក្រោយភេទប្រុស បានរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានក្រុងតាខ្មៅ រង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ នាពេលក្រោយ ៕

To Top