ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ កំណត់ឲ្យគិលានដ្ឋាន តាមសហគ្រាសមានបរិក្ខារ-ឱសថគ្រប់គ្រាន់ និងបុគ្គលិកធ្វើការទៀងទាត់ ដោយវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យគ្រប់គិលានដ្ឋាន នៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាដំណើរការបានល្អ ដោយមានទាំងសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់ តាមការកំណត់ ប្រកបដោយវិជ្ជាជីវៈ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងការងារ។

ក្នុងពិធីបើកសិក្ខា សាលាចែករំលែកបទពិសោធន៍ ស្តីពីការៀបចំគិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ិត សំហេង បានថ្លែងថា ដើម្បីធានាសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស ត្រូវរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឲ្យបានសមស្រប ត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិ្ត ដែលបានកំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ។ ធានាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។

លោកថា ក្នុងនោះ ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឲ្យមានអនាម័យ និងសុវត្ថិភាព។ ត្រូវរៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធានការការពារប្រកប ដោយប្រសិទ្ធភាពនូវហានិភ័យទាំងឡាយ។ត្រូវ ធានាថា កម្មករនិយោជិតទទួលបាននិងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និងណែនាំពីការថែរក្សា ទុកដាក់សម្ភារឧបករណ៍ទាំងនោះឲ្យបានល្អ។

ជាមួយគ្នានេះលោករដ្ឋមន្រ្តីផ្តាំផ្ញើថា ត្រូវអប់រំ និងពន្យល់ណែនាំកម្មករនិយោជិតឲ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែលទាក់ទងសុវត្ថិភាព និងសុខភាព ការងាររបស់ពួកគេ៕

To Top