នយោបាយ

កម្ពុជា-អាមេរិក រំពឹងដូចគ្នាថា ទំនាក់ទំនងលើវិស័យការងារ និងពាណិជ្ជកម្ម នឹងកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ភាគីទាំងពីរបានបង្ហាញ ការរំពឹងទុកថា កិច្ចសហប្រតិបត្តិការ លើវិស័យការងារ រវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាព បន្តទៅទៀត ខណៈទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កំពុងមានភាពល្អប្រសើរ។

ជំនួបពិភាក្សាខាងលើនេះ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងជំនួបពិភាក្សានោះ លោក អ៉ិត សំហេង បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះលោក W. Patrick Murphy ដែលត្រូវបានរដ្ឋាភិបាល សហរដ្ឋអាមេរិក សម្រេចឱ្យទទួល បេសកកម្មជា ឯកអគ្គរដ្ឋទូតប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

លោក អ៉ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់លោក W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។

ជាមួយគ្នានោះ លោក អ៉ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាព លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អ ជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានា របស់សហរដ្ឋអាមេរិក ផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អ ប្រសើរនៅកម្ពុជា បានសម្រេច បន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល កម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។

លោក អ៉ិត សំហេង បានបន្ដថា កម្ពុជាទទួលស្គាល់ ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិក បានចូលរួមផ្ដល់ឱ្យកម្ពុជា ក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋាន គតិយុត្ត ក៏ដូចជាគម្រោង អភិវឌ្ឍន៍មួយចំនួន ក្នុងនោះច្បាប់ស្ដីពីការងារ ក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិក បានចូលរួមជួយដល់កម្ពុជា។

លោក អ៉ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា វិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអេមរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនង ការទូតឱ្យគ្នា ទៅវិញទៅមក ប្រកបដោយ ភាពជិតស្និទ្ធផងដែរ ៕

To Top