ភ្នំពេញ ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រណញ់ និងនេសាទ បានក្រើនរំលឹក ក៏ដូចជាអំពាវនាវ ទៅដល់ម្ចាស់ចំការស្វាយទាំងអស់ ឲ្យទៅចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងនាំផ្លែស្វាយចេញ ទៅកាន់បរទេសនាពេលខាងមុខ ខណៈកម្ពុជាបានសម្រេច ការចរចាក្នុងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន កូរ៉េខាងត្បូងរួចរាល់ហើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី “ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ងិន ឆាយ មានប្រសាសន៍ថា “សូមផ្ដាំទៅដល់ប្រជា កសិករដែលដាំស្វាយសូមមេត្តាសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្មខេត្ត ដើម្បីអនុវត្តវិធានបច្ចេកទេស ឲ្យបានម៉ឺងម៉ាត់ បើមិនដូច្នោះទេ ចំការស្វាយ របស់បងប្អូន មិនអាចចុះបញ្ជី ធ្វើការនាំចេញ ទៅប្រទេសចិន” ។
លោករំលឹកថា ក្រសួងកសិកម្មក៏បានចេញ ផ្សាយឲ្យម្ចាស់ចំការស្វាយ មកចុះបញ្ជីនៅនាយកដ្ឋាន កសិកម្មម្តងរួចមកហើយ ដើម្បីអគ្គនាយកដ្ឋាន កសិកម្មចុះទៅវាយតម្លៃតម្រង់ទិស កែច្នៃបច្ចេកទេស តែមកដល់ពេលនេះ សង្កេតឃើញមិនទាន់មានម្ចាស់ ណាផ្សេងទៀតមកចុះបញ្ជីឡើយ គឺមានតែ ២ឬ៣នាក់ប៉ុណ្ណោះ ។
លោកបញ្ជាក់ថា ប្រសិនបើមិនបានចុះបញ្ជីទេ មិនអាចនាំចេញផ្លែស្វាយទៅកាន់ទីផ្សារ ក្រៅប្រទេសបានឡើយ ។ មួយវិញទៀត បើសិនការដាំដុះផ្លែស្វាយ របស់ម្ចាស់ចំការមិនត្រូវតាមលក្ខខណ្ឌស្តង់ដារ បច្ចេកទេស គ្មានអនាម័យ គឺមិនអាចនាំចេញបានទេ។
លោក ងិន ឆាយ ថ្លែងថា “ខ្ញុំមិនចាប់បង្ខំទេ តែអាស្រ័យទៅលើការសម្រេចចិត្ត របស់បងប្អូនទាំងអស់គ្នា បើបងប្អូនចង់បានផ្លែស្វាយទៅកាន់ប្រទេសចិន បងប្អូនត្រូវគោរពតាមស្តង់ដារប្រទេសចិន ។ យើងនាំចេញបាន បើសិនបងប្អូនចង់លក់តែក្នុងស្រុកហ្នឹង គឺមានតែលក់តាមសមាជីវោរបស់បងប្អូនទេ ខាងខ្ញុំនៅបច្ចេកទេសមិនបង្ខំទេ” ។
ឆ្លៀតឱកាសនោះ អគ្គនាយកដ្ឋានកសិកម្មលើកឡើងថា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងសម្លាប់មេរោគសម្រាប់ស្វាយ ដើម្បីអាចឲ្យកម្ពុជាសម្រេចបានគោលដៅនាំចេញផ្លែស្វាយក្នុងបរិមាណយ៉ាងតិចពី៥០-៦០ម៉ឺនតោន នៅឆ្នាំ២០២៣ខាងមុខ ។
អគ្គនាយកដ្ឋានកសិកម្មបន្ថែមថា សម្រាប់ទីផ្សារនាំចេញផ្លែស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺកម្ពុជាបានចរចាចប់សព្វគ្រប់អស់ហើយ ដែលអាចនាំចេញបានចាប់ពីពេលនេះតទៅ ខណៈចិនរំពឹងថា នាំចេញបាននៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខដែលការចរចា កំពុងដំណើរការឈានដល់ការបញ្ចប់។
សូមបញ្ជាក់ថា ចំការស្វាយនៅកម្ពុជា មានជាង១០ម៉ឺនហិកតា។ ខេត្តដែលមានផ្ទៃដីដាំស្វាយច្រើនជាងគេដូចជា ៖ កំពង់ស្ពឺ , បាត់ដំបង , កំពត , បន្ទាយមានជ័យ ហើយស្វាយដែលមានគុណភាពល្អជាងគេ គឺនៅកំពង់ស្ពឺ ៕ ដោយ អេង ប៊ូឆេង