ព័ត៌មានជាតិ

ព្រឹកនេះ! ផលិតផលក្លែងក្លាយជាង​ ១០០តោន ត្រូវបានដុតបំផ្លាញចោល

ភ្នំពេញ៖ ផលិតផលក្លែងក្លាយ ១២មុខ ប្រមាណជាង ១០០តោន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបានដុតបំផ្លាញចោល ក្រោមអធិបតីភាពលោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ផលិតផលក្លែងក្លាយ​ ១២មុខរួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចំរុះ, បារី ចំរុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សំភារៈបំរើឲ្យការផលិតបារី ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ, ឧបករសំភារៈបំរើឲ្យការផលិតគ្រឿងសំអាង, ផលិតផលធូប និងធូបមូសត្រូវបានកំលាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
យកទៅដុតបំផ្លាញចោលនៅភូមិប្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កន្លងមកនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដុតបំផ្លាញចោល នូវវត្ថុចាប់យកក្លែងក្លាយ ហើយក៏ជាលើកទី ៣២ហើយ ។ កិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ដែលបាន ចាប់យកមកដុតបំផ្លាញចោល ។

ឆ្លៀតឱកាសនោះដែរ លោក តេង សាវង្ស បានថ្លែងថា “រៀងរាល់ថ្ងៃ គណៈកម្មការជំនាញ​ អន្តរក្រសួង ជាពិសេស នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានខិតខំយ៉ាងស្រស្រាក់សស្រាំ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល បានពង្រឹងការស្រាវជ្រាវ ស៊ើបអង្កេត ដោយសហការជាមួយ ស្ថាប័ន ជាតិ-អន្តរជាតិ ក្រុមហ៊ុនឯកជន ប្រមូលផ្ដុំព័ត៌មាន ដើម្បីកំណត់អំពីមុខសញ្ញា និងទីតាំង ដើម្បីធ្វើការបង្រ្កាប ដោយមិនបណ្តែតបណ្តោយ ទុកឲ្យមុខសញ្ញា ដែលជាឈ្មួញមានឱកាស ធ្វើសកម្មភាពរំលោភលើច្បាប់ និងបង្កវិច្ឆេទកម្មសេដ្ឋកិច្ច ក្នុងសង្គមបានឡើយ។

ទន្ទឹមនេះលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បទល្មើសសេដ្ឋកិច្ច បានសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ ៕​ ដោយ អេង ប៊ូឆេង

To Top