ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជាលោក ព្រាប កុល បានសម្តែងការអបអរសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន ៥០លានដុល្លារបន្ថែមទៀត ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ទិញស្រូវពីប្រជាកសិករ ខណៈស្រូវបច្ចុប្បន្នមានការធ្លាក់ថ្លៃ ។
លោក ព្រាប កុល លើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ថា ជំនោរខែកក្តិកបានបក់ធ្លាក់លុយ ៥០លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាស្រូវគ្មានទីផ្សារ ។
លោកថា ជាការចៃដន្យដែលវិធានការនេះ កើតឡើងក្រោយពេលលោករិះគន់ បញ្ហាត្រៀមលុយ៣ពាន់លានដុល្លារ សម្រាប់ទប់ទល់នឹងលទ្ធភាព នៃការដកគោលនយោបាយអនុគ្រោះពន័្ធ EBA របស់សហភាពអឺរ៉ុប ដោយលោកបានស្នើឲ្យប្រើថវិកានេះ មួយចំណែកដោះស្រាយបញ្ហាទីផ្សារកសិកម្ម។
ប៉ុន្តែទោះបីជាយ៉ាងណាលោកថា “ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះ នឹងសូមកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ហើយក៏សូមចូលរួមអបអរសាទរ ដល់បងប្អូនកសិករផងដែរ។ យើងត្រូវចេះចាត់ចែង ថវិការដ្ឋឲ្យចំគោលដៅ ហើយចេះថែរក្សាផលប្រយោជន៍ ដែលមានស្រាប់កុំឲ្យបាត់បង់” ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃ៥ ធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រមូលទិញស្រូវពីកសិករ យកមកស្តុកទុក ដើម្បីកិនកែច្នៃ សម្រាបនាំចេញ៕