ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៩ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ ៤.០” នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ពិតជាមានសារសំខាន់ស្របទៅនឹងនិន្នាការសកល ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែល កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជនដែលការពារដោយច្បាប់ ។
យោងតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជាចេញផ្សាយថ្ងៃទី៥ ធ្នូ បានឲ្យដឹងថាវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៩ ពិតជាមានសារសំខាន់ ស្របទៅនឹង និន្នាការសកល ដែលកំពុងបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឲ្យអ្នកសារព័ត៌មានកម្ពុជាបានសិក្សាស្វែងយល់ និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការវិវត្តបច្ចេកវិទ្យាទំនើបផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។
សម្ដេចបន្ដថា “គោលដៅជំរុញការ ធ្វើឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារ ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យដើរទាន់ការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប។ ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជន ដែលត្រូវបានការពារដោយច្បាប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា”។
សម្តេចបន្ថែមថា ក្រៅពីបញ្ហាប្រឈមទៅ នឹងព័ត៌មានក្លែងក្លាយដែលសកលលោក កំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មានកម្ពុជា ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតព័ត៌មានការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌មានទាំង សមត្ថភាពវិភាគព័ត៌មាន ក្នុងនិងក្រៅប្រទេសឲ្យបាន ស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មាន បានរហ័សទាន់សភាពការណ៍ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ដែលអាចទុកចិត្ត បានព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឲ្យបានសមស្របទាន់សភាពការណ៍វិវត្តនៃបច្ចេកវិទ្យាជីឌីថល ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារ លើវិស័យព័ត៌មាន រវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មានសម័យថ្មី ក៏ដូចជាការប្រកួតប្រជែងរវាងវិស័យសារព័ត៌មានសម័យថ្មី ជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុងដណ្តើម ទីផ្សារនាពេលបច្ចុប្បន្ន ៕
ដោយ៖ អេង ប៊ូឆេង