ព័ត៌មានជាតិ

កម្ពុជា បន្ថែមសហគ្រាសអង្ករ ១៨ក្រុមហ៊ុនទៀត ដែលនឹងជួយសម្រេច គោលដៅនាំចេញអង្ករទៅចិន ៤០ម៉ឺនតោនជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នា រវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន ១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិអនុញ្ញាត នាំចេញទៅប្រទេសចិន ជាពិសេសនោះសហគ្រាសទាំង ១៨នេះ ក៏ជួយសម្រេចបាននូវគោលដៅ នៃការនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំ កាន់តែល្អប្រសើរ ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៧ ធ្នូនេះបានឲ្យដឹងថា តាមរយៈការជំរុញរួមគ្នា រវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំនេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន១ ៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិអនុញ្ញាត នាំចេញទៅប្រទេសចិន ហើយបច្ចុប្បន្ននេះ សហគ្រាសអង្ករដែលទទួលបាន សិទ្ធិនាំចេញទៅប្រទេសចិនមានចំនួន ៤៤ក្រុមហ៊ុន ។

ទូតចិនបញ្ជាក់ថា «សហគ្រាសទាំង ១៨ក្រុមហ៊ុន ដែលទើបតែចូលរួមនេះ នឹងជួយសម្រេចបាននូវ គោលដៅនៃការនាំចេញអង្ករ ទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំកាន់តែល្អប្រសើរ» ។

ក្នុងរយៈពេលចំនួន ១១ខែនាឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ ទីផ្សារមានចំនួន ៦០ប្រទេស និងតំបន់លើពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារ នាំចូលធំជាងគេបង្អស់ ។ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិន មានចំនួនសរុបលើសពី ២០ម៉ឺនតោន និងមានចំនួនកើនឡើង ៥៣% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨ ៕

To Top