ភ្នំពេញ៖ ក្នុងកំឡុងពេលកំពុងមើលថែទាំមាតាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ ម៉ោង ទឹម អាយុ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងផ្តល់អំណោយមនុស្សធម៌ ជូនអ្នកជំងឺ និងស្ត្រីទើបសម្រាលកូន-ស្ត្រីមានផ្ទៃពោះជាង ១ពាន់នាក់ ។
យោងតាមហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច រួមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ១.១២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្នែកនីមួយៗ ក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ ក្នុងឱកាសនោះលោកស្រី អ៊ុក ម៉ាលី ក៏បានប្រគល់អំណោយលើកទឹកចិត្តដល់ គ្រូពេទ្យ បុគ្គលិក និងកម្មករ ចំនួន ១.៦១៧នាក់ ដែលកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យផងដែរ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋ ទទួលស្គាល់និងជឿទុកចិត្ត ស័ក្តិសមជាមន្ទីរពេទ្យ របស់រាជរដ្ឋាភិបាល ដែលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ លោកស្រី បានថ្លែងការកោតសរសើរចំពោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលមានយុទ្ធសាស្ត្ររស់រវើក ក្នុងការដឹកនាំ-គ្រប់គ្រង ធ្វើឱ្យមន្ទីរពេទ្យមានដំណើរការ ល្អទាំងសេវាថែទាំ អនាម័យ ក្រមសីលធម៌គ្រូពេទ្យ និងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាព ដែលទាំងនេះសុទ្ធតែជាក្តីសង្ឃឹម និងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព ព្រមទាំងសូមជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយពីជំងឺ បានវិលទៅជួបជុំគ្រួសារឡើងវិញ។
សូមបញ្ជាក់ថា អ្នកជំងឺ ១.១២៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា ៥០.០០០រៀល។ ដោយឡែក បុគ្គលិកពេទ្យ-កម្មករ ១.៦១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ សារុង១ ក្រមា១ និងថវិកា ១០០.០០០រៀល ៕