ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភី ចំនួន ១.២៣៣ រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមជាអធិបី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ចំនួន ១.២៣៣ រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

លោក ម៉ាណែត ចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភី និងមាតាបិតាអាណាព្យាបាល ចំពោះការបញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់កូនៗ ដែលនេះគឺជាមោទនភាពរបស់គ្រួសារ បន្ទាប់ពីលោកបានចិញ្ចឹមបីបាច់ថែរក្សា ស្រឡាញ់ទុកដូចគ្រាប់ ពេជ្រតាំងពីតូចមក និងសូមអបអរសាទរផងដែរចំពោះ ការរីកចម្រើនរបស់សាកលវិទ្យាល័យ ដែលអាចចាត់ទុកបានជាការចូលរួមចំណែកមួយយ៉ាង សំខាន់មិនអាចខ្វះបាន ជាមួយរាជ រដ្ឋាភិបាលក្នុងការបន្តកសាងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ដើម្បីឈានទៅសម្រេច បានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត កត់សម្គាល់ថា ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសជាតិ, ការទ្រទ្រង់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងទៅអនាគត គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ ពីព្រោះសេដ្ឋកិច្ច ដែលដំណើរការបានល្អ គឺសេដ្ឋកិច្ចដែលមានការបណ្តុះបណ្តាល, ការប្រើប្រាស់ និងការគ្រប់គ្រងនូវមូលធនបញ្ញាប្រកប ដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ ហើយតែងតែបានខិតខំដោះស្រាយ រាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យ អប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និងមូលធនបញ្ញាប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការ រីកចម្រើន និងបទដ្ឋានអប់រំនៅក្នុង តំបន់ និងពិភពលោក។

លោក លេីកឡេីងថា នៅក្នុងការវាយតម្លៃលើកម្រិត នៃវិស័យអប់រំ យើងអាចប្រើប្រាស់ការវាស់វែងជាច្រើន ជាពិសេសតាមរយៈការពិនិត្យលើគុណភាព ធនធានមនុស្ស ហើយគុណភាពធនធានមនុស្សនេះអាចឆ្លុះបញ្ចាំង តាមរយៈសមត្ថភាព និងលទ្ធផលការងាររបស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែង ទោះបីយើងធ្លាប់ទទួលរងការ បំផ្លិចបំផ្លាញដោយសារសង្គ្រាម ធ្វើឱ្យអតីតកាលរបស់យើងជួបប្រទះ នូវភាពអន់ថយ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានការរីកចម្រើនលឿន ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាប់ឯកត្តកម្ម ក្នុងចំណោម ប្រទេសទាំង ១០ លើពិភពលោក។ ភាពជោគជ័យនេះ កើតឡើងដោយ សារទស្សនៈ, សមត្ថភាព និងស្នាដៃការងាររបស់កូនខ្មែរ ទាំងនៅក្នុងជួររាជរដ្ឋាភិបាល, មុខងារសាធារណៈ, វិស័យឯកជន និងសង្គមស៊ីវិល។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃ កម្រិតគុណភាព នៃវិស័យអប់រំរបស់យើង ជាមោទនភាពនៃធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាល ដោយប្រព័ន្ធអប់រំខ្មែរ និងដោយមានការចូលរួមជួយមួយផ្នែកផងដែរពីសំណាក់ប្រទេសជាដៃគូ មួយចំនួន។ ថ្នាលនៃធនធានមនុស្សនេះ ក៏ត្រូវបានបំពេញបន្ថែមដោយការ អប់រំផ្នែកពុទ្ធចក្រ ធ្វើឱ្យមានធនធានមនុស្សក្នុងមួយឆ្នាំៗ ដែលចូលរួមបម្រើសង្គមជាតិ កាន់តែ ប្រកបដោយគុណភាព មានសមត្ថភាពចំណេះដឹង សមត្ថភាពគុណធម៌ និងសមត្ថភាពសីលធ៌ម។ ខ្មែរទាំងអស់រួបរួមគ្នា នឹងធ្វើឱ្យប្រទេសយើងកាន់តែមានការរីកចម្រើន។

លោក ម៉ាណែត បន្ថែមថា ការបណ្តុះបណ្តាលនៅ ក្នុងសាលា ជាការផ្តល់មូលដ្ឋានចំណេះដឹងជំនាញត្រៀមលក្ខណៈឱ្យនិស្សិតយើង មុននឹងចូល ទៅក្នុងមជ្ឈដ្ឋានការងារ។ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺផ្នត់គំនិតទទួលខុសត្រូវល្អិតល្អន់ ខិតខំប្រឹងប្រែងធ្វើការងារតូចៗ និងផ្នត់គំនិតជឿជាក់លើខ្លួនឯង។ អ្វីដែលរាជរដ្ឋាភិបាល អាចជួយបាន គឺការខិតខំពង្រឹងលំនឹងសន្តិភាព, លំនឹងស្ថិរភាព, ពង្រីកវិសាលភាពសេដ្ឋកិច្ចទាក់ទាញវិនិយោគបរទេស និងក្នុងស្រុក ដើម្បីបង្កើនឱកាសធុរកិច្ច និងការងារ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានការងារ ដើម្បីគាំទ្រដល់ដំណើរការ នៃទីផ្សាសេរី និងបង្កើនភាពជោគជ័យឱ្យប្រជាពលរដ្ឋ។ ដោយឡែក ការប្រកួតប្រជែងនៅក្នុង ក្របខ័ណ្ឌទីផ្សារសេរីនេះ ក៏ត្រូវពឹងផ្អែកជាចម្បងលើ សមត្ថភាពរបស់ប្រជាពលរដ្ឋយើងផ្ទាល់ ជាពិសេសការ ខិតខំប្រឹងប្រែងតស៊ូដើម្បីទទួលបាន នូវឱកាសទាំងក្នុង និងក្រៅប្រទេសក្នុងបរិបទ នៃចរន្តសាកល ភាវូបនីយកម្មសព្វថ្ងៃនេះ។

លោក បន្តថា បរិយាកាសគ្របដណ្តប់ថ្មី នៅក្នុងការងារកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល គឺដើម្បីបង្កើតនូវក្តីសង្ឃឹម និងកាលានុវត្តភាព ថ្មីសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជន ដែលជាកម្លាំងបន្តវេន នៅក្នុងការដ្ឋាននៃការកសាង និងអភិវឌ្ឍកម្ពុជា ក៏ដូចជានៅក្នុងក្របខ័ណ្ឌនៃការធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍អាស៊ាន២០១៥ ហើយក៏កំពុងបន្តជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណា ឱ្យនិស្សិត ដែលបានបញ្ចប់ការសិក្សាអាចនឹងមានចំណេះដឹង ស្របតាមស្តង់ដារមួយសមស្រប ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារ ក្នុងតំបន់ និងលើសាកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

To Top