ភ្នំពេញ ៖ ក្នុងន័យប្រៀបធៀប របស់លោក សាម អ៊ីន ដែលជាអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ ប ម បានលើកសរសេរ ពីការលេងអុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅនឹងការលេងល្បែង នយោបាយដូច្នោះដែរ ។
លោក សាម អ៊ីន បានលើកសរសើរ សម្តេចតេជោថា ជាអ្នកលេងអុកដ៏ពូកែ ដែលដឹងពីដៃគូច្បាស់ក្នុងការទប់ទល់ ។ អគ្គលេខាធិការរបស់គ ប ម បន្តថា “ក្រឡាអុកបែក ហើយគ្រប់គ្រងនេះ នឹងជួយឲ្យនាយករដ្ឋមន្រ្តីកម្ពុជា បន្តគ្រប់គ្រងកម្ពុជា ដោយងាយស្រួល បើពុំមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកើតឡើង”។
នេះជាការលើកឡើងនៅក្នុងហ្វេសប៊ុក របស់លោក សាម អ៊ីន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ៨ ធ្នូ បានបង្ហាញរូបថតកាលពី១០ឆ្នាំមុន ដែលសម្តេចអះអាងថា លេងពេលនោះគឺលេងអុកជាមួយដៃគូ ដែលលេងខូច ។ ក្នុងន័យនេះ សម្តេចសំដៅដល់ការធ្វើនយោបាយ គឺថា “ការធ្វើនយោបាយមិនខុស ពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឲ្យអ្នកណា ឬក្រុមណាលេងខុសពីច្បាប់ បានចែងនោះឡើយ”។
អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យ បានធ្វើការវិភាគថា ក្រឡាអុកសម្តេចតេជោ តាមការសង្កេតរបស់លោក គឺ លោក កឹម សុខា មានភាពជាអ្នកដឹកនាំ ដែលហ៊ានប្រឈមដោយមោះមុត អត់ធ្មត់ និងអហិង្សា ដែលអាចមានសមត្ថភាព ដឹកនាំការផ្លាស់ប្តូរដោយ សន្តិភាពបាននៅកម្ពុជា។
លោករៀបរាប់ថា ក៏ប៉ុន្តែក្នុងដំណើរការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យដែលចង់បានការផ្លាស់ប្តូរ លោក កឹម សុខា ពិបាកឡើងផ្លោះជញ្ជាំងដ៏ខ្ពស់និងមុតស្រួចមួយ គឺលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលមិនហ៊ានប្រឈមដោយមោះមុត តែមានទេពកោសល្យកេងប្រវ័ញ្ចនយោបាយពីមហាជនដែលប្រឆាំងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈវោហារសព្ទវាយប្រហារនិងចោទប្រកាន់ សម្តេចតេជោធ្ងន់ៗ នឹងរារាំងលោក កឹម សុខា មិនឲ្យបង្រួបង្រួមកម្លាំងប្រជាធិបតេយ្យក្នុងទ្រង់ទ្រាយធំបាន ។
ប៉ុន្តែលោក សាម អ៊ីន បានបញ្ជាក់ថា “លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកលេងអុក ដ៏ពូកែ ដឹងថា លោកពិបាកទប់ទល់ ជាមួយដៃគូដែលមានចិត្តអត់ធ្មត់ខ្ពស់ ហ៊ានប្រឈមដោយមោះមុត និងចេះអត់ឱន ដូចលោក កឹម សុខា ។ ក៏ប៉ុន្តែ លោកស្គាល់ដៃគូទាំង ពី២របស់លោកច្បាស់ ក៏ដូចជាទឹកចិត្តមហាជនដែលប្រឆាំងនឹងលោក។ ដូច្នេះលោកក៏បន្តដើរក្រឡាអុកដ៏ឈ្លាសវៃរបស់លោក គឺទុកឲ្យមហាជន ដែលប្រឆាំងនឹងលោកភាគច្រើន នៅជាមួយលោក សម រង្ស៊ី ហើយទុកឲ្យលោក កឹម សុខា ដឹកនាំចលនា ប្រជាធិបតេយ្យបែបអហិង្សា ជាមួយកម្លាំងតូច ឬមធ្យម” ៕