ភ្នំពេញ៖ ប្រទេសប៉ាគីស្ថាន បានទទួលស្គាល់ និងមានទំនាក់ទំនងការទូត ជាមួយកម្ពុជា ក្នុងឆ្នាំ១៩៥២ តាំងពីមុនពេលដែលកម្ពុជា ដណ្ដើមបានឯករាជ្យ ពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ទៅទៀត ។
ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន នាព្រឹកថ្ងៃទី៩ វិច្ឆិកា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ភាគីទាំងពីររំលឹក ពីនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅទសន្សកិច្ចផ្លូវការនៅប៉ាគីស្ថាន កាលពីឆ្នាំ២០១៦ ក៏ប៉ុន្តែដោយជាប់រវល់កិច្ចការ សម្ដេចមិនមានមានពេលវេលាដើម្បីបំពេញ ទស្សនកិច្ច ប៉ុន្តែកន្លងមកសម្ដេចថា នឹងពិចារណាឡើងវិញ អំពីដំណើរទស្សនកិច្ចនេះ ។
លោក កុយ គួង បញ្ជាក់ថា «លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប៉ាឡីស្ថាន ដែលប៉ាគីស្ថាន បានទទួលស្គាល់ឯករាជ្យភាពកម្ពុជា តាំងពីឆ្នាំ១៩៥២ ។ មានន័យថា យើងមានទំនាក់ទំនងការទូត តាំងពីឆ្នាំនោះមកម្ល៉េះ មានន័យថា ប៉ាគីស្ថានទទួលស្គាល់កម្ពុជា មុនកិច្ចព្រៀងដែលកម្ពុជា ទទួលបានឯករាជ្យពីបារាំង ក្នុងឆ្នាំ១៩៥៣ ទៅទៀត» ។
លោកបន្តថា ឧបនាយករដ្ឋមន្ត្រី បានអរគុណប៉ាគីស្ថានដែលបានផ្ដល់ជំនួយដល់កម្ពុជា លើវិស័យជាច្រើន ជាពិសេសលើការបណ្ដុះបណ្ដាល ធនធានមនុស្ស លើជំនាញការទូត ធនាគារ ផ្លូវដែក និងសុខាភិបាល ហើយសង្ឃឹមថា ប៉ាគីស្ថាននឹងបន្តផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញនេះ ដល់កម្ពុជាបន្ថែមទៀត ។ ជាការឆ្លើយតប លោកទូតថ្លែងថា ប៉ាគីោស្ថាន នៅតែបន្តផ្ដល់ជំនាញទាំងនេះ ។
លោកបន្ថែមថា ភាគីទាំងពីរ ក៏បានពិភាក្សាពីការ ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម នយោបាយ វប្បធម៌ កសិកម្ម ឲ្យមានទំហំកាន់តែធំ និងរីកចម្រើនថែមទៀត ។ លោកថា ទោះបីមានកិច្ចព្រមព្រៀង ស្ដីពីការការពារ និងការជំរុញវិនិយោគ តាំងពីឆ្នាំ២០០៤ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរនាពេលបច្ចុប្បន្ន មានប្រមាណ ៣០លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ចំពោះភ្ញៀវទេសចរមក លេងកម្សាន្តនៅកម្ពុជា មានត្រឹមតែ ៤០០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ភាគីទាំងពីរក៏បានប្ដេជ្ញា ជំរុញឲ្យមានការពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម កសិកម្ម វប្បធម៌…។
សូមរំលេកថា កម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង អស់ជិត១សតវត្ស ចាប់ពីឆ្នាំ១៨៦៣ រហូត ដល់ពេលទទួលបាន ឯករាជ្យនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ កម្ពុជា បានទទួលឯករាជ្យពីបារាំងវិញ ដោយសារប្រជាពលរដ្ឋ ពិសេសព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បានបង្កើតចលនា តស៊ូទាមទារឯករាជ្យ បានពេញបរិបូណ៍ពីបារាំង និងកសាងសង្គមថ្មីមួយ ដែលមានភាពសំបូររុងរឿង គឺសម័យសង្គមរាស្រ្តនិយម ៕
ដោយ៖ ខា ដា