ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើក មហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនអាស៊ាន លើកទី១៩ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ អនុសាសន៍ សំខាន់ៗចំនួន ៤ចំណុច ដល់សមាគមអតីត យុទ្ធជនកម្ពុជា ក៏ដូចជាសហព័ន្ធអតីត យុទ្ធជនអាស៊ាន ដើម្បីសម្រេចបានគោលដៅ របស់សហព័ន្ធ អតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនា ជាមួយនឹងការលើកកម្ពស់ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ អតីតយុទ្ធជនទាំងក្នុង តំបន់ និងនៅលើពិភពលោក ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែបំពេញ ការងារ របស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធ អតីតយុទ្ធជនអាស៊ាន ដែលបានរួមគ្នាបំពេញការងារ យ៉ាងសកម្មធ្វើឲ្យមហាសន្និបាត ប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈស្របតាម គោលដៅជាអាទិភាពរបស់ខ្លួន ។
សម្ដេចបន្តថា កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធ អតីតយទ្ធជនអាស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈ ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកតំណាង មកពីបញ្ហាប្រទេសសមាជិក សហព័ន្ធអតីតយុទ្ធជនអាស៊ាន ចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកអាស៊ាន ទទួលស្គាល់ថា ជាផ្នែកមួយនៃ កិច្ចការមនុស្សធម៌អាស៊ាន ទាំងបច្ចុប្បន្ន និងអនាគត ។
សម្ដេចតេជោ បញ្ជាក់ថា «ជាការពិត ប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នា នៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះក្រុមជន ដែលបានធ្វើពលិកម្ម ដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូប នៃស្មារតីលះបង់ខ្ពស់ ជាមួយនឹងមនសិកាស្នេហាជាតិ របស់ខ្លួន ដែលត្រូវបានចារឹកទុក នៅក្នុង ប្រវត្តិសាស្ត្រ របស់ប្រទេសជាតិនីមួយៗ ។ ជាក់ស្ដែង អតីតយទ្ធជនដោយសារសង្គ្រាម នៅកម្ពុជាបានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារ សង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិន ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈម ជាច្រើនដែលកម្ពុជាត្រូវដោះស្រាយទាំង ផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូត ជាពិសេសការតស៊ូ ជាមួយនឹងសង្គ្រាមស៊ីវិលរាំរ៉ៃ ជាបន្តបន្ទាប់នៅក្នុងប្រទេស» ។
សម្ដេចបន្ថែមថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុង គ្រប់កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃ អតីតយុទ្ធជនដោយសារសង្គ្រាម បានធ្វើសមាហរណកម្មក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ។ នេះគឺជាមូលដ្ឋានគ្រឹះ ធ្វើឱ្យមានស្ថិរភាពនយោបាយ ជាមួយនឹងការនាំមកនូវសុខសន្តិភាព ពេញលេញគ្របដណ្តប់ពេញផ្ទៃប្រទេស។
សម្ដេចតេជោបន្តថា កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជា អាទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យរួមទាំងការ អនុវត្តគោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជនតាមរយៈការខិតខំប្រឹងប្រែង បង្កើនសកម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនជាមួយក្រុមគ្រួសារ រួមមានការផ្តល់សេវាថែទាំ អតីតយុទ្ធជន ការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈចាំបាច់ ទាំងឡាយការជួយ បណ្តុះបណ្ហាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរការផ្តល់សម្បទានដី សង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឲ្យពួកគេមានធនធាន ដីធ្លី មានលំនៅដ្ឋាន និងអាចប្រក បមុខរបរផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារឱ្យកាន់តែល្អប្រសើរ ។
សម្ដេចគូសបញ្ជាក់ថា ទាំងអស់នេះគឺជាប្រពៃណីដ៏ថ្លៃថ្លា របស់ប្រជាជាតិកម្ពុជា ដែលមានតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មនសិការ ស្នេហាជាតិដល់យុវជន ជំនាន់ក្រោយ ចំពោះអតីតយុទ្ធជនដោយសារ សង្គ្រាមដែលបានលះបង់ និងពលីជីវិតក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ។ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលជាអង្គភាពមនុស្សធម៌ របស់អាស៊ានបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន
ក្នុងបញ្ហាប្រទេសជាសមាជិក អាស៊ានដែលជាផ្នែកមួយ នៃសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ចំនួន ៤ចំណុច ដើម្បីឲ្យសហព័ន្ធសហព័ន្ធ អតីតយុទ្ធជនអាស៊ាន សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌផែនការសកម្មភាពអាស៊ាន៖
១.សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ ប្រណិតភាពជីវិត និងការពារផលប៉ះពាល់ នៃអាយុកាលដែលបណ្ដាលមកពី សង្គ្រាមទៅលើសុខភាព អតីតយុទ្ធជន តាមរយៈ ការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់ អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគម អតីតយុទ្ធជន នៃបញ្ហាប្រទេស ជាសមាជិកសហព័ន្ធ ។ ២.សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីក វិស័យអតីតយុទ្ធជន ឲ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់ តួនាទីរបស់អតីតយុទ្ធជន ឲ្យស័ក្តិសមទៅ នឹងគុណបំណាច់ របស់ពួកគេ តាមរយៈការលើកទឹកចិត្ត ខាងផ្នែកស្មារតី ការផ្តល់កិត្តិយស ការផ្គត់ផ្គង់ ដល់ជីវភាពរស់នៅ ឲ្យបានសមរម្យស្រប តាមស្ថានភាពនៃការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងសង្គម ។
៣.ត្រូវបន្តលើក កម្ពស់សមត្ថភាព ចំណេះដឹងឲ្យបានទូលំទូលាយ ដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារ សង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលាការចែកចាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់ សមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន។
៤.ថ្នាក់ដឹកនាំនៃបណ្តាប្រទេស សមាជិកអាស៊ានទាំងអស់ ត្រូវបន្តចូលរួមឲ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃ ការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គលជាមួយនឹង ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពឲ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ។
សម្ដេចតេជោសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងបន្តកិច្ចសហការកាន់ តែជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយសារសង្គ្រាមសំដៅរួមចំណែក សម្រេចបានគោលដៅ របស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយ នឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក ៕ ដោយ៖ ខា ដា