ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧១ ក្នុងឆ្នាំនេះ មានការរិតត្បិត ដូច្នេះពួកគេសុំអំពាវនាវ ឲ្យរាជរដ្ឋាភិបាលកម្ពុជា លើកទឹកឲ្យមានការប្រារព្ធទិវានេះឡើង ។
យោងតាមសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ មានការប្រារព្ធទិវាសិទ្ធិមនុស្ស នៅទូទាំងពិភពលោកដើម្បី រំឭកដល់ការអនុម័តសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ នៅឆ្នាំនេះ គេឃើញមានចំណាត់ការមួយចំនួន ក្នុងការមិនអនុញ្ញាតឲ្យ មានការប្រារព្ធពិធីនានា និងមានការរឹតត្បិតលើការ អនុវត្តសិទ្ធិមនុស្សដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍បន្តថា “យើងខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាលើកទឹកចិត្តឲ្យមានការប្រារព្ធទិវាសិទ្ធិមនុស្ស និងទទួលស្គាល់អត្ថប្រយោជន៍ នៃសិទ្ធិមនុស្សទៅលើសង្គមទាំងមូល។ យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវសកម្មភាពទាំងឡាយ ណាដែលមិនសមស្រប និងបញ្ឈប់ការកំណត់មុខសញ្ញា ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលពុះពារគ្រប់យ៉ាង ដើម្បីទាមទារឲ្យមាន កិច្ចការពារសិទ្ធិមនុស្សគ្រប់រូប” ៕