ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ នៅអេស្ប៉ាញ រយៈពេល២ថ្ងៃ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ ដែល នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

​យោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី១១​ ធ្នូនេះ​បានឲ្យដឹងថា​ ក្រោមមូលបទ «អាស៊ី និងអឺរ៉ុប​រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» កិច្ចប្រជុំ ASEM FMM14 នឹងពិភាក្សារិះរកមធ្យោបាយដើម្បីធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEM FMM14 ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារ ដោយផ្តោតជាសំខាន់ទៅលើ បញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។ លោកឧបនាយកតដ្ឋមន្ត្រី​​ ក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ​ ដែលត្រូវបានរៀបចំឡើងក្នុងលក្ខណៈ ប្រជុំចង្អៀត ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងថ្លែងសុន្ទរកថាអំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ជាងនេះទៅទៀត ​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងឆ្នាំ២០២០ (13th ASEM Summit 2020)។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួន នៃប្រទេសជាសមាជិក ASEM ផងដែរ។

កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់ កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កម្ពុជា បានក្លាយជាសមាជិក ASEM នៅថ្ងៃទី៨​ ខែតុលា ឆ្នាំ២០០៤។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ​ ASEM ៕

To Top