កីឡា

សម្ដេចតេជោលើកទឹកចិត្ត និងចាត់ទុកការទាត់បាល់ ហ្វ្រីឃីគរបស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ (វីដេអូ)

ភ្នំពេញ៖ ទោះបីជាការប្រកួត បាល់ទាត់ ដណ្ដើមមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាចាញ់មីយ៉ាន់ម៉ា ក៏ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការទាត់បាល់ ហ្វ្រីឃីគ របស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ដល់កីឡាករ កែវ សុខផេង កុំឲ្យបាក់ទឹកចិត្តត្រូវខិត ខំបន្តទៀត ខណៈការប្រកួតឆ្នាំនេះកម្ពុជាធ្វើបានយ៉ាងល្អ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅកីឡាករ កែវ សុខផេងថា “កុំឱ្យបាក់ទឹកចិត្ត ហើយលទ្ធផលបាល់ទាត់នេះ គឺជាលទ្ធផលប្រវត្តិសាស្ត្រ។ ទម្រង់លេងបាល់ទាត់របស់កម្ពុជា ជាទម្រង់ដ៏ល្អ ហើយក៏បានចាត់ទុកការទាត់ហ្វ្រីឃីករបស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អថែមទៀតផង។ សមត្ថភាពកីឡារបស់កម្ពុជា នឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១”។សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ។

គួររំលឹកផងដែរថា កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង បានទាត់បាល់ប៉េណាល់ទី អត់ចូលជាលើកទី២ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលជាទាត់បាល់ ប៉េណាល់ទី គ្រាប់ទី៥ ឲ្យក្រុមគោព្រៃកម្ពុជា នៅពេលដែល U22 មីយ៉ាន់ម៉ាបាននាំមុខ ៥-៤ ក្នុងការការសេចក្តី ដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ ក្នុងវគ្កដណ្តើមមេដាយសំរិទ្ធ ។

សូមបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៨ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក្រោយរកបានមេដាយសរុបចំនួន៤៦គ្រឿង (មាស ៤ ប្រាក់៦ សំរឹទ្ធ៣៦។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top