ព័ត៌មានជាតិ

ជប៉ុនស្នើក្រសួងមហាផ្ទៃ ពង្រឹងសន្ដិសុខ ដល់អ្នកវិនិយោគខ្លួន ដើម្បីទាក់ទាញ អ្នករកស៊ីមកកាន់តែច្រើន (វីដេអូ)

ភ្នំពេញ ៖ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើឲ្យកម្ពុជា បន្តជួយជ្រោមជ្រែងបន្ថែទៀត លើការពង្រឹងវិស័យសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងវិនិយោគិនជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគមក កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក Takahashi Fumiaki បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសបន្តខិតខំផ្សារភ្ជាប់ ជាមួយសហគ្រិន និងវិនិយោគិនវ័យក្មេងកម្ពុជា ធ្វើយ៉ាងណាស្វែងរកឱកាសវិនិយោគ រវាងក្រុមហ៊ុនឯកជនជប៉ុន ជាមួយក្រុមហ៊ុនកម្ពុជា។

លោកមានប្រសាសន៍ថា “ក្នុងនោះសំណូមពរសម្ដេច ជួយពង្រឹងស្ថេរភាព និងលំនឹងនៃការវិនិយោគរបស់ជប៉ុន ដោយស្នើសម្ដេច ក្នុងនាមថ្នាក់ដឹកនាំនៃស្ថាប័នសន្តិសុខ បន្តជួយជ្រោមជ្រែងបន្ថែទៀត លើការពង្រឹងវិស័យសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងវិនិយោគិនជប៉ុន ព្រមទាំងមកពីប្រទេសផ្សេងទៀត ដើម្បីទាក់ទាញពួកគេ ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា បានកាន់តែច្រើន” ។

ជាការឆ្លើយតប សម្ដេច ស ខេង រីករាយទទួលយក ព្រមទាំងបន្តខិតខំថែរក្សា សន្តិសុខ សុត្ថិភាព និងជួយសម្របសម្រួល ដល់ដំណើរការវិនិយោគ របស់អ្នកវិនិយោគជប៉ុន ឲ្យសម្រេចបានជោគជ័យ។

សម្ដេច ក៏ស្នើជប៉ុនបន្តធ្វើការ ជាមួយផ្នែកពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណារកឱកាស ដាក់ទុនវិនិយោគវិស័យជំនាញនីមួយៗ របស់ក្រុមហ៊ុនខ្លួនឲ្យបាន ខណៈ សម្ដេចត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដែលក្រុមហ៊ុនជប៉ុន ជួបប្រទះនៅកម្ពុជា។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ ចង់ឃើញការរីកដុះដាល នៃក្រុមហ៊ុនខ្នាតតូច និងមធ្យម របស់ជប៉ុនកាន់តែច្រើនឡើងថែមទៀត ដើម្បីពង្រីកវិសាលភាព ឲ្យបានគ្រប់ទីកន្លែង តាមបណ្ដារាជធានី-ខេត្តនៅកម្ពុជា ដោយមិនផ្ដោតតែក្រុមហ៊ុនខ្នាតធំនោះទេ ៕ ដោយ៖ អេង ប៊ូឆេង

To Top