ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីមហោស្រពបង្ហោះខ្លែង លើកទី២៣ ដែលមាន២៣ខេត្តចូលរួម

កោះកុង : រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីមហោស្រព បង្ហោះខ្លែងខ្មែរលើកទី២៣ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីលានប្រកួតបាល់ទាត់ខេត្តកោះកុង។

លោកស្រី ឈុន រ៉ាវុធ អភិបាលរងបានថ្លែងថា ការរៀបចំពិធីមហោស្រពបង្ហោះខ្លែងខ្មែរនេះ គឺចង់ឲ្យកូនខ្មែរចងចាំថា ប្រវត្តិសាស្រ្តខ្លែងឯក ដើម្បីកុំឲ្យភ្លេចនូវប្រវត្តិសាស្រ្តខ្លែង ហើយខ្លែងខ្មែរក៏មានការទទួលស្គាល់ ក្នុងលំដាប់អន្តរជាតិផងដែរ ។

លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នខ្លែងខ្មែរបាននិងកំពុង ជះឥទ្ធិពលយ៉ាងខ្លាំងក្លា គ្រប់មជ្ឈដ្ឋានជាតិ.អន្តរជាតិ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែប្រារព្វពិធីមហោស្រពបង្ហោះខ្លែងខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើសយកទេពកោសល្យ ក្នុងការធ្វើនិងបង្ហោះខ្លែង ដើម្បីចូលរួមប្រកួតប្រជែល ជាមួយឆាក់អន្តរជាតិ។

លោកបានបន្ថែមថា នៅលើឆាកអន្តរជាតិ ខ្លែងខ្មែរបានចូលរួមមហោស្រពខ្មែរលើកទី៦៦ ហើយនេះក៏ជាឱកាសល្អបំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណី នៃការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា មាតុភូមិអង្គរដ៏បវរ ជូនពិភពលោក ឲ្យស្គាល់ ចាប់អារម្មណ៍ រួមចំណែក អូសទាញអ្នកវិនិយោគទុន និងអ្នកទេសចរអន្តរជាតិ ចូលរួមកំសាន្តប្រទេសកម្ពុជា ឲ្យមានកំណើនបន្ថែមទៀត ដើម្បីលើកស្ទួយ ផ្នែកវិស័យទេសចរណ៍ និងអរិយ្យធម៌របស់កម្ពុជាយើង ដែលដូនតាបន្សល់ទុក តាំងយូរឆ្នាំមកហើយ។

សូមបញ្ជាក់ថា ពិធីមហោស្រព បង្ហោះខ្លែងខ្មែរលើកទី២៣នេះ មានការចូលរួមប្រកួតប្រជែងខ្លែង មានចំនួន២៣ខេត្ត ហើយការទទួលជ័យលាភីលេខ១ បានទៅលើខេត្តតាកែវ ជ័យលាភីលេខ២ បានទៅលើខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ បានទៅលើខេត្តមណ្ឌលគីរី៕

To Top