ព័ត៌មានជាតិ

សមាជិកសភា បង្ហាញពីការប្រយុទ្ធប្រឆំាង អំពើពុករលួយនៅកម្ពុជា ប្រាប់សន្និសីទសភាពិភពលោក

ភ្នំពេញ៖ គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង ពីកិច្ចប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ នៅក្នុងសន្និសីទសភាពិភពលោកលើកទី៧ ប្រឆាំងនឹងអំពើពុករលួយ ដែលរៀបចំធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋសភាបានឲ្យដឹងថា សន្និសីទក្រោមប្រធានបទ “បញ្ហាសុចរិតភាព” បានប្រារព្ធពិធីបើកក្រោមអធិបតីភាព លោក អាម៉ាត់ ប៊ីន អាប់ឌុលឡា ប៊ិន ហ្សាអ៊ិត អាល ម៉ាម៊ូដ (Ahmad Bin Abdulla Bin Zaid Al Mahmoud) ប្រធានសភាកាតា អមដោយ លោកស្រី ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា និង លោក ហ្វាដលី ហ្សូន (Fadli Zon) ប្រធានអង្គការសមាជិកសភា ពិភពលោកប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយមានអ្នកចូលរួម ចំនួន២១៨រូប មកពី៥៣ប្រទេស ក្នុងនោះមានប្រធានសភា អនុប្រធាន សភា និងសមាជិក សមាជិកាសភា រួមទាំងសមាជិកសង្កេតការណ៍ចំនួន ៤ប្រទេស និងអង្គការដៃគូចំនួន៩។

សមាជិកគណៈប្រតិភូសភាកម្ពុជា ដែលចូលរួមសន្និសីទនេះ មានលោក យឹម លាត សមាជិករដ្ឋសភា និងជាសមាជិកក្រុមសភាជាតិ កម្ពុជា-GOPAC លោក ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា លោកស្រី បាន ស្រីមុំ សមាជិការដ្ឋសភា លោកស្រី ពៅ សាវឿន សមាជិការដ្ឋសភា។

គណៈប្រតិភូសភាកម្ពុជា បានចែករំលែកនូវបទពិសោធន៍ ពីកិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសន្តិភាពបរិបូរណ៍ នៅឆ្នាំ១៩៩៨។

កម្ពុជាបានបង្កើតអង្គភាព ប្រឆាំងអំពើពុករលួយនៅឆ្នាំ២០០៦ និងច្បាប់ប្រឆាំងនឹងអំពើពុករលួយ ត្រូវបានអនុម័តតាំងពីឆ្នាំ២០១០។ គោលបំណងសំខាន់ នៃច្បាប់ប្រឆាំងអំពើពុករលួយ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃសេវាកម្មគ្រប់ទម្រង់ និងពង្រឹងអភិបាលកិច្ច និង នីតិរដ្ឋ ក្នុងការដឹកនាំនិងគ្រប់គ្រងរដ្ឋ ប្រកបដោយសុចរិតភាព និងយុត្តិធម៌ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម និងការកាត់ បន្ថយភាពក្រីក្រ។

សមាជិកសភាកម្ពុជា បានគូសបញ្ជាក់ថា ការប្រឆាំងអំពើពុករលួយ ត្រូវបានដាក់បញ្ចូល ទៅក្នុងគោលនយោបាយជាតិ និងកម្មវិធីជាច្រើន រួមមាន៖ យុទ្ធសាស្ដ្រចតុកោណ (ការពង្រឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ដ្រជាតិ ប្រឆាំងអំពើពុករលួយ និងផែនការសកម្មភាពផ្សេងៗទៀត។ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់គណនេយ្យភាព ហិរញ្ញវត្ថុ និងតម្លាភាព កំណែទម្រង់ប្រព័ន្ធតុលាការ អភិបាលកិច្ចល្អ ការបង្ក្រាបបទល្មើសព្រៃឈើ និងការធ្វើទំនើបកម្មស្ថាប័ន ការធានានូវតម្លាភាព និងការទទួលខុសត្រូវ របស់ស្ថាប័នសាធារណៈ ដើម្បីលើកទឹកចិត្តប្រជាជន ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

មហាសន្និបាតបានដំណើរការ ដោយមានកិច្ចប្រជុំជាច្រើន ដូចជាកិច្ចប្រជុំលើកទី១ ស្តីពីការជំរុញអភិបាលកិច្ចល្អ និងទិសដៅឆ្ពោះទៅរក គោលដៅទី១៦ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ កិច្ចប្រជុំលើកទី២ សុចរិតភាពនៃយើងទាំងអស់គ្នា៖ ឈានទៅរកភាពជាម្ចាស់ និងការស្វាគមន៍ ចំពោះគណនេយ្យភាព។ កិច្ចប្រជុំស្តីពីសភាជួយគាំទ្រ ដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំស្តីពីការប្រយុទ្ធ នឹងការបន្លំ និងអំពើពុករលួយ ក្នុងគម្រោងអភិវឌ្ឍ៖ ទស្សនៈរបស់ធនាគារអភិវឌ្ឍន៍អ៊ីស្លាម។ កិច្ចប្រជុំតំបន់អាស៊ី-អាគ្នេយ៍ ប្រយុទ្ធប្រឆាំង អំពើពុករលួយ (SEAPAC) ជាដើម។

ក្រៅពីការចែករំលែក ពីបទពិសោធន៍ នៃការប្រយុទ្ធប្រឆំាង អំពើពុករលួយនៅកម្ពុជា ប្រតិភូសភាកម្ពុជា បានលើកឡើង ពីកិច្ចខិតខំជំរុញ វិស័យការទូតសភារបស់សភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងអន្តរជាតិ ដល់សន្និសីទផងដែរ។ នៅក្នុងនោះ ប្រតិភូសភាកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ សភាកម្ពុជានឹងរៀបចំ កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ដែលគ្រោងអញ្ជើញ ប្រធានសភាកាតា និងប្រធានសហភាពអន្តរសភា (IPU) ជាភ្ញៀវពិសេស ចូលរួមក្នុងកិច្ចប្រជុំ នោះដែរ។

សូមជម្រាបថា ចំពោះលទ្ធផល សន្និសីទសភាពិភពលោកលើកទី៧ ប្រឆាំងនឹងអំពើពុករលួយ គឺសន្និសីទ បានអនុម័តឯកសារមួយចំនួន ដូចជា របាយការណ៍កិច្ចប្រជុំទាំងបី នៃតំបន់ទាំង៥។ បានអនុម័តសេចក្តីប្រកាសទីក្រុងដូហា និងបានជ្រើសតាំង លោក អាម៉ាត់ ប៊ីន អាប់ឌុលឡា ប៊ិន ហ្សាអ៊ិត អាល ម៉ាម៊ូដ (Ahmad Bin Abdulla Bin Zaid Al Mahmoud) ប្រធានសភាកាតា ជាប្រធានGOPAC អាណត្តិថ្មី ២០១៩-២០២១ បន្តទៀត៕

To Top