ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋរួមគ្នា កាត់បន្ថយប្រើប្លាស្ទិក ខណៈកើនឡើង ហើយពិភពលោកកំពុងបារម្ភ

ភ្នំពេញ ៖ ខណៈពិភពលោក កំពុងមានការព្រួយបារម្ភនៃការកើនឡើង នូវសំណល់ប្លាស្ទិក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវឲ្យប្រជាពលរដ្ឋរួមគ្នា កាត់បន្ថយប្រើប្រាស់ ផលិតផលធ្វើពីប្លាស្ទិក ដោយចូលរួមប្រើប្រាស់ឡើងវិញការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដី។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធការផ្សព្វផ្សាយសៀវភៅ ស្តីពីពិភពប្លាស្ទិកឆ្នាំ ២០១៩ លោក នេត្រ ភក្ត្រា បានថ្លែងថា “សំណល់ប្លាស្ទិក ជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នា ចាំបាច់ត្រូវរួមគ្នាកាត់បន្ថយ ការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង”។

លោកបញ្ជាក់ថា សំណល់ប្លាស្ទិកពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង ដែលនេះជាក្តីកង្វល់មួយ សម្រាប់ពិភពលោក ហើយនៅឆ្នាំ២០៥០ សំណល់ប្លាស្ទិកនឹងអាចកើនឡើង ដល់៣៤ពាន់លានតោន។

លោកបន្តថា ឆ្នាំ២០៥០ ប្លាស្ទិកអាចមានច្រើនជាង ត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការ ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ។

លោកឲ្យដឹងទៀតថា នៅកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងក្នុងមួយឆ្នាំ មានប្រមាណជាង ៤ លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្ត-រាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនរួមមាន ៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។

លោករដ្ឋលេខាធិការបន្ថែមថា ក្នុងមួយថ្ងៃរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិក ប្រមាណជាង ១០ លាន។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ ។

លោកថា តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូល បានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់ បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។

លោកបន្តថា បើនិយាយក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូររបៀប នៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់ របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក៕ដោយ៖ធី លីថូ

To Top