នយោបាយ

សេចក្ដី​ឆ្លេីយ​តប​ចុងក្រោយ​! កម្ពុជាសង្ឃឹមថា អឺរ៉ុបនឹងពិចារណា​ បន្តប្រព័ន្ធអនុគ្រោះពន្ធ EBA​

ភ្នំពេញ​៖​ ដោយអនុលោមតាមនីតិវិធី​ របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញសេចក្ដីឆ្លេីយតបចុង​ក្រោយ ដេីម្បីឆ្លេីយតបចំពោះរបាយការណ៍ របស់​ គណៈកម្មការអឺរ៉ុប​ពាក់ព័ន្ធនឹង EBA​ ដោយសង្ឃឹមថា​ អឺរ៉ុបនឹងពិចារណា​ ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ​ EBA ដល់កម្ពុជាបន្តទៀត​ ។

គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២ វិច្ឆិកាដល់ ១២ធ្នូ។

យោងតាមសេចក្ដីថ្លែងការណ៍​ របស់ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី១២​ ធ្នូនេះ​ បានឲ្យដឹងថា​ អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូន គណៈកម្មការអឺរ៉ុប នូវការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍របស់ គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធី ​ដកប្រព័ន្ធ​អនុគ្រោះពន្ធ ជា​បណ្តោះអាសន្នដែលបានផ្តល់ ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែង​សព្វាវុធ-EBA”។

សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈ កម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិ ក្នុងការចូលរួមនយោបាយ​ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ជាដើម។

ក្រសួងការបរទេសបញ្ចាក់ថា​ “ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញា អន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែង​សព្វាវុធ-EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើ ប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវ គោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា”​ ។

សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ ក្នុងករណីសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទីផ្សារអឺរ៉ុប នៅតែបើកចំហសម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាង អភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សារ EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូន ជារៀងរហូតនោះបានឡើយ ៕

ដោយ៖ ខា ដា

To Top