ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ បច្ចុប្បន្នប្រព័ន្ធ អនឡាញ បង្កើតបញ្ហាថ្មីៗ នាំឲ្យទៅរកការ ជួញដូរមនុស្ស និង រំលោភបំពានផ្លូវភេទ

ភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន បានធ្វើឲ្យឧក្រិដ្ឋជន ឆ្លៀតឱកាស ប្រើប្រាស់ទាក់ទាញ​ ជនរងគ្រោះ ឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ហើយឈានទៅបង្កើតជាបញ្ហាថ្មីៗ ដូចជាការជួញដូរមនុស្ស និងការរំលោភបំពាន ផ្លូវភេទជាដើម ។ នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

ក្នុងទិវាជាតិប្រឆាំងការ ជួញដូរមនុស្ស១២ធ្នូ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានឲ្យដឹងថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស ជាពិសេសគ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញ ក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍។ សម្ដេចថា រៀងរាល់ឆ្នាំមនុស្សរាប់លាននាក់ ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជន ពីការជួញដូរមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោក ។

សម្ដេចរៀបរាប់ថា ជនល្មើសបានរកគ្រប់ល្បិចកលដ៏ស្មោគគ្រោក ពង្រាយបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះ នៅគ្រប់ដំណាក់កាល ទាំងដោយផ្ទាល់ និងប្រយោល តាមរយៈបណ្តាញទំនាក់ទំនងអនឡាញ (Online) ឬតាមបច្ចេកវិទ្យាទំនើប ដែលប្រជាពលរដ្ឋ ជាពិសេស យុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទដៃ និងប្រព័ន្ធអ៊ិនធឺណេត។

សម្ដេចមានប្រសាសន៍ថា “ទំនោរនៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានធ្វើឲ្យឧក្រិដ្ឋជនបានឆ្លៀត ឱកាសប្រើប្រាស់បច្ចេកវិទ្យា ទំនើបនេះ ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះ ប្រព័ន្ធអនឡាញ និងបណ្តាញផ្សព្វផ្សាយ សង្គមក៏បានបង្កើតជាបញ្ហាថ្មី គឺការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជាពិសេស លើអនីតិជនតាមប្រព័ន្ធអនឡាញ” ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏នៅមានសេសសល់បញ្ហាមួយចំនួន ដូចជា ៖ ភាពប្រឈមក្នុងការដោះស្រាយ ភាពរងគ្រោះរបស់ពលករមួយចំនួន ដែលនៅតែមិនទាន់មានឯកសារច្បាប់ត្រឹមត្រូវ ។ កុមារដែលបានកើត និងរស់នៅក្នុងប្រទេសគោលដៅ មិនទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណ សញ្ជាតិកំណើតរបស់ទារក នៅតែមានការនាំមនុស្សឆ្លងដែនដោយប្រើវិធីផ្សេងៗ បន្លំភ្នែកសមត្ថកិច្ច ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានអំពាវនាវ ភាគីប្រទេសគោលដៅ ពាក់ព័ន្ធចូលរួមពង្រឹងកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ និងផ្តល់ឯកសារត្រឹមត្រូវឲ្យពលករកម្ពុជា ដែលមានឯកសារផុតសុពលភាព ជៀសវាងការប្រើប្រាស់ឯកសារ អ្នកដទៃ ដែលខុសអត្តសញ្ញាណ និងការចេញឯកសារជា ឯកតោភាគីដោយខ្វះព័ត៌មាន អំពីអត្តសញ្ញាណពិត និងខ្វះការត្រួតពិនិត្យពី សមត្ថកិច្ចប្រទេសដើម ៕ ដោយ ៖ អេង ប៊ូឆេង

To Top