ភ្នំពេញ៖ គិតមកទល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ចំណូលដែល បានមកពីរដ្ឋាករគយប្រមូលបាន ៣,០១៣ លានដុល្លារ លើសផែនការប្រមាណ ៧៥៨ លានដុល្លារ(ស្មើនឹង៣ ៣.៥% ) ខណៈគម្រោងផែនការកំណត់ ត្រូវប្រមូលឲ្យបាន ២,២៦០ លានដុល្លារ ។នេះបើតាមការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
សម្តេចតេជោបន្តថា បើគិតជាមធ្យមចំណូល ដែលមកពីរដ្ឋាករគយ គឺប្រមូលបាន ប្រមាណ១០លានដុល្លារ ក្នុងមួយថ្ងៃៗ។ នៅសល់ជិត២០ថ្ងៃទៀត នឹងដាច់ឆ្នាំដែលមិនទាន់ បានគិតបូកថែម ហើយដែលរំពឹងថា ចំណូលគយ នឹងកើនលើសផែនការ ប្រមាណជាង ៨០០លានដុល្លារ។
សម្តេចថា ចំពោះចំណូល ពីអគ្គនាយកដ្ឋានពន្ធដាវិញ មានផែនការ ប្រមូលឲ្យបានប្រមាណ ២,២៨៨ លានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លានដុល្លារ រួចហើយ ដែលបានលើសផែនការ ប្រមាណ ៣៤៥ លាន ដុល្លារ។
សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋាករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺ មានគម្រោងប្រមូលចំណូល ប្រមាណ ៤,៥៤៨លានដុល្លារ ។ ប៉ុន្តែរហូតដល់ពេលនេះ គឺប្រមូលបានប្រមាណ ៥,៦៥២ លានដុល្លារ ដែលប្រមូលបាន លើសពីផែនការ ដែលបានកំណត់ប្រមាណ ១,១០៤ លានដុល្លាររួចស្រេច ទៅហើយ។
បើបូករួមទាំង២ខែមុន អាចប៉ាន់ស្មានបានថា នឹងចំណូល លើសផែនការគឺនឹងឈានដល់ ១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែល មិនទាន់បានបូកបញ្ចូលពីចំណូលមិនមែន សារពើពន្ធមាន ដូចជាចំណូលបាន មកពីថ្លៃទិដ្ឋាការទេសចរណ៍, អាកាសយានដ្ឋាន, អាកាសចរណ៍,ប័ណ្ណចូលទស្សនាអង្គវត្ត និងពីដីកសិកម្ម (ដីសម្បទានសេដ្ឋកិច្ច ដែលជួលទៅអោយឯកជនវិនិយោគ)។
នៅពេលនេះ រាជរដ្ឋាភិបាល មានថវិកាជាសាច់ប្រាក់ ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ ដែលមិនបានរួមបញ្ចូល ពីទុនបម្រុងអន្តរជាតិ ប្រមាណ ១៥ពាន់លានដុល្លារ និង មាស ប្រមាណ៣០តោន ទៀតផង។
កម្ពុជាដែលបានដើរ មកដល់ដំណាក់កាលនេះ គឺដោយសារ មានការចូលរួមពីប្រទេសជាដៃគូ ដៃគូវិនិយោគឯកជន និងពីបងប្អូនជនរួមជាតិទាំងអស់គ្នា ដែលបានចូលរួមថែរក្សា ការពារសន្តិភាព និងចូលរួមទទួលខុសត្រូវ បង់ពន្ធទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខ៕