ព័ត៌មានជាតិ

សហជីព សង្ឃឹមថា រាជរដ្ឋាភិបាល នឹងរកច្រកចេញ ដើម្បីបញ្ចៀស ការព្យួរ EBA

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន សហជីពចលនាកម្មករ បានបង្ហាញក្តីសង្ឃឹមថា ទំរាំដល់ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជា នឹងរកច្រកចេញឃើញ ដើម្បីបញ្ចៀស ពីការព្យួរប្រព័ន្ធអនុគ្រោះ ពន្ធគ្រប់ប្រភេទ(EBA)។

នៅខែកុម្ភៈ ខាងមុខនេះ សហភាពអឺរ៉ុប នឹងផ្អាកEBAជា បណ្តោះអាសន្ន ប្រសិនរកឃើញថា រាជរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ។

នៅថ្ងៃ១២ ធ្នូនេះ ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប ទាក់ទងនិង នីតិវិធី នៃករដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្ន EBA ដែលសហភាពអឺរ៉ុប ផ្តល់ឲ្យកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានបង្ហាញថា អាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មករ-កម្មការិនី ប្រមាណជិត១លាននាក់ និងផលប៉ះពាល់ ដោយប្រយោល ដល់ក្រុមគ្រួសារសាច់ញាតិ របស់កម្មករនិយោជិត ដែលរស់នៅពឹងផ្អែក លើប្រាក់ឈ្នួល របស់ពួកគាត់ ។ 

ប៉ុន្តែករណីនេះ លោក ប៉ាវ ស៊ីណាលើកឡើងថា នេះ នៅមិនទាន់ រាប់បញ្ចូលប្រជាពលរដ្ឋ ដែលប្រកបមុខរបរផ្ទាល់ខ្លួន រាប់សែននាក់ ផ្សេងទៀត ដែលទាញផល ចេញពីវិស័យកាត់ដេរ ។

លោកថា ទោះជាយ៉ាងណា ទំរាំដល់ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល និងស្វះស្វែងរកច្រក ចរចាបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ជាពិសេស សហភាពអឺរ៉ុប ដើម្បីបញ្ចៀស ផលប៉ះពាល់ ដែលអាចកើតមានឡើង រយៈពេលយូរ ដល់ពលរដ្ឋខ្មែរ  ក្នុងករណី EBA ត្រូវបានព្យួរ “៕

To Top