ព័ត៌មានជាតិ

លោក ស៊ូ សុជាតិ៖ វិស័យមូលបត្រ មានការកើនឡើង គួរកត់សម្គាល់

ភ្នំពេញ៖ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានថ្លែងអះអាងថា ក្នុងឆ្នាំ២០១៩នេះ វិស័យមូលបត្រមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១៨ ។

ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរ អត្ថបទព័ត៌មានក្នុងវិស័យមូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មានលើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ូ សុជាតិ បានថ្លែងថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុយុទ្ធសាស្ត្រមួយ នៃវិស័យហិរញ្ញវត្ថុដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកបញ្ជាក់ថា “រៀងរាល់ឆ្នាំយើងមាន កំណើនតិចតួចមែនទែន ប៉ុន្តែក្នុងឆ្នាំ២០១៩នេះ យើងមានកំណើនមួយគួរឲ្យកត់សម្គាល់ ដែលក្នុងឆ្នាំ២០១៨ កំណើននេះ វាស់តាមអ្វីដែលយើងខ្ញុំឲ្យឈ្មោះថា អ៊ីនដិតនៃទីផ្សារ ។ អ៊ីនដិតទីផ្សារគឺជាការបូកសរុប នៃតម្លៃភាគហ៊ុនទាំងអស់ ហើយចេញជាតម្លៃអ៊ីនដិតមួយគ្រប់ផ្សារមូលបត្រ គឺតែងតែមានអានេះ។ អ៊ីនដិតទីផ្សាររបស់យើង ក្នុងឆ្នាំ២០១៨ យើងមាន១ដុំតែ៤០០ជាង គេហៅថា ៤០០ពិន្ទុ ឬក៏៤០០ភាន់” ។

លោកបន្តថា ទោះបីជាមានកំណើនកើនយ៉ាងនេះក្ដី តែគណៈកម្មការមូលបត្រកម្ពុជា នៅតែបន្តតាមដាន និងសង្កេតមើលតទៅទៀត កុំឲ្យការកើនឡើងនេះ មានបញ្ហាអ្វីមួយដែល កើតឡើងដោយមិនប្រក្រតីភាព ។

លោកអគ្គនាយកបញ្ជាក់ថា រហូតមកដល់នេះ គណៈកម្មការមូលបត្រកម្ពុជា មានក្រុមហ៊ុនសរុបចំនួន៨ ដែលមកចុះបញ្ជី ។ ក្នុងនោះមានក្រុមហ៊ុនចំនួន ៥ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន៣ទៀត បានបោះផ្សាយលក់មូលបត្របំណុល (Bond) ដែលមានទំហំទឹកប្រាក់សរុប ចំនួន១៥១លានដុល្លារ (មូលបត្រកម្មសិទ្ធិ៨០លានដុល្លារ និងមូលបត្របំណុល ៧១ លានដុល្លារ) ។

លោកបន្ថែមថា នឹងមានក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត ជាបន្តបន្ទាប់នៅឆ្នាំខាងមុខ ដោយក្រុមហ៊ុនខ្លះ ជិតបញ្ចប់នីតិវិធី នៃការបោះផ្សាយផងដែរ ៕

ដោយ៖ ធី លីថូ

To Top
×