ភ្នំពេញ ៖ របាយការណ៍សមត្ថកិច្ច នៅថ្ងៃទី១៣ ខែធ្នូ នេះ បង្ហាញថា រយៈពេល១យប់១ថ្ងៃ ថ្ងៃទី១២ ខែធ្នូ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវពួនស្ទាក់ ដោយបង្ក្រាបបានជនល្មើស ចំនួន៥ក្រុម និង ជនសង្ស័យចំនួន២៨នាក់ ។
តាមរបាយការណ៍ប្រចាំថ្ងៃ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានកត់ត្រា បង្ហាញថា ចាប់ពីម៉ោង១៦៖០០នាទី ថ្ងៃទី១១ដល់ ម៉ោង១៦៖០០ ថ្ងៃទី១២ខែធ្នូ កម្លាំងអាវុធហត្ថ បានចេញស្រាវជ្រាវ ល្បាត និង ពួនស្ទាក់ បង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យបាន៥ក្រុម ស្មើនឹង២៨នាក់ ពាក់ព័ន្ធ ករណី ហិង្សាដោយចេតនា និង ករណីគ្រឿងញៀន ។
ជាក់ស្តែងរួមមាន ៖
នៅម៉ោង១៨៖៥០នាទី ថ្ងៃទី១១ ខែធ្នូ នៅចំណុចសណ្ឋាគារ ឡេ ហុង ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបករណីហិង្សាដោយចេតនា១លើក ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង កាំបិតចំនួន១ ។
នៅម៉ោង១១៖០០នាទី ថ្ងៃទី១២ ខែធ្នូ នៅចំណុចផ្លូវលេខ១១០ សង្កាត់ផ្សារដេប៉ូ៣ កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបករណីគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន១កញ្ចប់ ។ ក្រោយពីការសាកសួរយកចម្លើយរួច សមត្ថកិច្ចបានបន្តតាមចាប់បក្ខពួកបន្ថែម១លើកទៀត បានជនសង្ស័យចំនួន៣នាក់ ថ្នាំ២កញ្ចប់ សរុប២លើក ឃាត់ខ្លួនជនសង្ស័យ៤នាក់ ថ្នាំញៀន៣កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។
នៅម៉ោង១១៖៣០នាទី ថ្ងៃទី១២ ខែធ្នូ នៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ៥នាក់ ថ្នាំញៀន១៩កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
នៅម៉ោង១៣៖០០នាទី ថ្ងៃទី១២ ខែធ្នូ នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក កម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ បានបង្ក្រាបករណីគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ៤នាក់ ថ្នាំញៀន២កញ្ចប់។
នៅម៉ោង១៦៖០០នាទី ថ្ងៃទី១២ ខែធ្នូ នៅចំណុចបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ៨នាក់ ថ្នាំញៀន៧កញ្ចប់ ។ ក្រោយពីធ្វើការសាកសួរយកចម្លើយរួច សមត្ថកិច្ចបានបន្តសហការជាមួយការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បក្ខពួកបន្ថែម១លើកទៀត ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ សរុប២លើក ឃាត់ខ្លួនជនសង្ស័យ៩នាក់ ថ្នាំញៀន៨កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២៨នាក់នេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្វែងដៃខ្វែងជើងយ៉ាងមមាញឹក ចែកគ្នាធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សម្រង់សាវតាជាតិ ដកហូតវត្ថុតាង ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និង ធ្វើរបាយការណ៍សរុបតាមករណីនីមួយៗ កសាងសំណុំរឿងតាមនីតិវិធីឲ្យបានរួចរាល់មុន៤៨ម៉ោង ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ៕