ភ្នំពេញ៖ ដើម្បីស្រាយចម្ងល់ និងមតិរិះគន់មួយចំនួន ពាក់ព័ន្ធការរៀបចំសមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយរួមគ្នា រវាងកម្ពុជា-វៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្រ្តី នៃកម្ពុជា បានចេញមុខបកស្រាយថា ការរៀបចំសមយុទ្ធកងទ័ព កម្ពុជា-វៀតណាម ធ្វើឡើងដើម្បីបង្ការការពារ គ្រប់គ្រង និងជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេល ក្នុងករណីកើតមាន គ្រោះមហន្តរាយណាមួយ កើតឡើង នៅតាមព្រំដែនប្រទេសទាំងពីរ ពុំមែនជាការឈ្លានពានគ្នា ដូចក្រុមមនុស្សមួយចំនួន លើកឡើងនោះឡើយ ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ កម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធរួមគ្នាក្នុងភូមិសាស្រ្ត ឃុំទូលស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្ដរាយ កើតឡើងដូចជា៖ គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ សមយុទ្ធនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាម តំបន់ព្រំដែនឲ្យមានការរីកចម្រើនផងដែរ ។
ក្នុងឱកាសអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត នៃ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលជាង ២ពាន់នាក់ នៅថ្ងៃទី១៦ ធ្នូ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជា នឹងមានការរៀបចំ សមយុទ្ធកងទ័ព រវាងកម្ពុជា និងវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមព្រំដែន។ សម្ដេចថា គោលបំណងនៃការធ្វើសមយុទ្ធនេះ ចង់បង្ការការពារប្រជាពលរដ្ឋ ឲ្យផុតពីគ្រោះថ្នាក់ ក្នុងហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋ គំនិតផ្ដួចផ្ដើមរបស់ខ្ញុំ គឺចង់ឲ្យមានសមយុទ្ធ ឆ្លងកាត់ទល់ដែននេះ យើងអាចឆ្លងទៅគេបាន គេអាចឆ្លងមកយើងបាន ដោយចាត់ទុកថានេះជា កិច្ចសហប្រតិបត្តិការ សង្គ្រោះ ។ ប្រតិបត្តិការបែបនេះ ជួនកាលមិនមែនគ្រាន់តែ ប្រតិបត្តិការ ជាមួយប្រទេសជិតខាងទេ គឺប្រតិបត្តិការដោយ មានពហុជាតិសាសន៍ ចូលមកជួយផង… ឧទាហរណ៍ភ្លើងឆេះព្រៃ ដើម្បីទប់ស្កាត់ការរីករាលដាល យើងត្រូវមានអន្តរាគមន៍ពីខាងយើងផង ពីខាងភាគីដៃគូផង ដែលនៅជិតខាងយើង ដើម្បីស្រោចស្រង់សភាពការណ៍សិន ។ ព្រំដែនយើងនៅតែជាព្រំដែនយើង គ្រាន់តែនេះជាប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហា កុំឲ្យមានការភ័ន្តច្រឡំថា វៀតណាមឈ្លានពាន ឬក៏ថៃឈ្លានពាន ឬក៏ឡាវឈ្លានពាន» ។
សម្ដេចបន្តថា បើក្រឡេកមើលទៅប្រទេសហៃទី ពេលប្រតិបត្តិការសង្គ្រោះ មានទាំងកងទ័ពអាមេរិក និងកងទ័ពប្រទេសជាច្រើនទៀតចូលរួម ជួយសង្គ្រោះ ។ សម្ដេចថា កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធ ជាមួយអាមេរិក ចិន និងប្រទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួយសង្គ្រោះ ។
សម្ដេចតេជោគូសបញ្ជាក់ថា មានក្រុមដែលមិនយល់ការ នឹងចាប់ផ្ដើមធ្វើការឃោសនា នៅពេលខាងមុខ ទាក់ទិន នឹងសមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយ រវាងកម្ពុជា-វៀតណាម ដែលប្រព្រឹទ្ធទៅ នៅថ្ងៃទី១៨ ខែធ្នូខាងមុខ។
សម្ដេចបន្ថែមថា សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើធ្វើរឿងនេះ ជាមួយវៀតណាម ឡាវ ក៏ដូចជាប្រទេសថៃ ។ កម្ពុជា ធ្លាប់បានជួបប្រទះលើបញ្ហានេះ ច្រើនដងហើយ ជាក់ស្ដែងករណីឆ្នាំ២០១១ នៅខេត្តរតនគិរី ពេលនោះទឹកជំនន់វាយលុក នៅតំបន់ព្រំដែនភូមិភាគទី១ ដោយសម្ដេចបានទូរស័ព្ទ ទៅទីក្រុងហាណូយ សុំអន្តរាគមន៍ ពីកងទ័ពយោធភូមិភាគទី៥ របស់វៀតណាម ឲ្យសហការជាមួយកងទ័ពយោធភូមិភាគទី១របស់កម្ពុជា ដើម្បីជម្លៀសប្រជាជនជាង ២០០គ្រួសារ ចេញពីគ្រោះទឹកជំនន់ ទៅកាន់កន្លែងសុវត្ថិភាព លើទឹកដីវៀតណាម ។
សម្ដេចបន្ថែមទៀតថា ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងពេល ជួបគ្រោះមហន្តរាយ ឆ្លងកាត់ព្រំដែនកើតឡើង ។ សម្ដេចថា ការសង្គ្រោះឆ្លងកាត់ព្រំដែន គឺចៀសមិនផុតនោះទេ ដូចប្រទេសមួយចំនួនលើពិភពលោក ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងដែរ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បន្ទាប់ពីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅកម្ពុជារួចហើយ សម្តេចបានដាក់ចេញ នូវនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅ ២សំខាន់ៗដើម្បីជំរុញការ អភិវឌ្ឍប្រទេសជាតិគឺ ទី១.ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ ឲ្យទៅជាតំបន់ដែលមានសុខសន្តិភាព ជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម ដែលអនុវត្តបានលើស ៩០% ហើយ នៅសល់ ១០% ទៀតជាតំបន់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវដោះស្រាយបញ្ចប់នៅឆ្នាំ២០២៥ និងទី២.ប្រែក្លាយតំបន់ព្រំដែន នៃប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនដែលមាន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ៕
ដោយ៖ ខា ដា