នយោបាយ

ក្រុមហ៊ុនកសិកម្មធំៗ របស់អាមេរិក នឹងទស្សនកិច្ចស្វែងរក ឱកាសវិនិយោគ វិស័យកសិកម្ម និង ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នឹងមានគណៈប្រតិភូមកពី ក្រុមហ៊ុនកសិកម្មធំៗ របស់អាមេរិក ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាស វិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងហ្វេសប៊ុក ក្រសួងកសិកម្ម។

ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូត បញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ លោកនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការ និងគាំទ្ររាល់សកម្មភាព គម្រោងនានា ដែលបាននិងកំពុង អនុវត្តឲ្យដំណើរការ ទៅដោយរលូន និងសម្រេចទទួលបាន ជោគជ័យបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ លោកបានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ លោកនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការ និងគាំទ្រនូវរាល់សកម្មភាព គម្រោងនានា ដែលបាននិងកំពុង អនុវត្តឲ្យដំណើរការ ទៅដោយរលូន និងសម្រេចទទួល បានជោគជ័យបន្ថែមទៀត។ អ្វីដែលសំខាន់លោកបានជម្រាបថា “នៅថ្ងៃ៦ កុម្ភៈ នឹងមានគណៈប្រតិភូអញ្ជើញ មកពីក្រុមហ៊ុនកសិកម្មធំៗ​របស់អាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីធ្វើការសិក្សា និងស្វែងរកឱកាសក្នុងការវិនិយោគ លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយសង្ឃឹម ថាលោករដ្ឋមន្ត្រី និងសហការី នឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចពិភាក្សាការងារនេះ ទទួលបានជោគជ័យ។ “

លោកទូតបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជាលើវិស័យកសិកម្មនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្នុងអាណត្តិរបស់លោក ។

ជាការឆ្លើយតប លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើន តាមរយៈគម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ។

តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តី ជឿជាក់ថា រដ្ឋាភិបាលអាមេរិក នឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីកចម្រើនប្រកប ដោយនិរន្តរភាព ហើយជាពិសេសវិស័យឯកជនអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្ម កាន់តែច្រើនឡើងថែមទៀត នាពេលអនាគត៕

ដោយ បាន ធារ៉ូ

To Top