ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិ នៃក្រុមប្រឹក្សានយោបាយ ប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌល ខ្សែក្រវាត់និងផ្លូវ នៃទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន ដែលបានជួយព្យាបាលជំងឺភ្នែកដល់បងប្អូនប្រជាជនកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។
ក្នុងជំនួបនោះ លោក លឿង ជុនយីង បានគោរពរាយការណ៍ ជូនសម្ដេចតេជោថា លោកបានមកកាន់ប្រទេសកម្ពុជា ជាច្រើនដងមកហើយ ហើយលើកទី២នេះ លោកបាននាំគ្រូពេទ្យស្ម័គ្រចិត្ត មកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាភ្នែក នៅខេត្តកំពង់ចាម។
លោកបានពិនិត្យឃើញថា ប្រជាជនកម្ពុជា មានបញ្ហាភ្នែក កើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដទៃទៀត ក្នុងន័យនេះ លោកក៏បានរៀបចំ ឲ្យមានមជ្ឈមណ្ឌល ដើម្បីធ្វើយ៉ាងណាជួយ ដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលមានបញ្ហាភ្នែក ឱ្យជាសះស្បើយ ទាំងអស់គ្នា។
លោកបានមានប្រសាសន៍ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះ គឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមាន ការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជា ការងារមិនគួរឲ្យមាន ការព្រួយបារម្ភនោះទេ តែជាការងារ ដែលគ្រូពេទ្យជាច្រើន បានធ្វើទទួលបាន ជោគជ័យ១០០%ផងដែរ។
ក្នុងនោះ លោកក៏បានលើកឡើង ពីករណីមួយ គឺការវះកាត់ទៅលើ បុរសវ័យចំណាស់ម្នាក់ ដែលមានភ្នែកកើត កន្ទុយថ្លែន បន្ទាប់ពីការវះកាត់ រយៈពេល២០នាទី ទៅ៣០នាទីមក ១ថ្ងៃក្រោយមកភ្នែក របស់គាត់ក៏អាចមើលឃើញ ច្បាស់ឡើងវិញ ដូចធម្មតា បន្ទាប់ពីគាត់មើល មិនឃើញអស់រយៈពេល៧ឆ្នាំមកហើយ។ ចំនុចនេះហើយ ធ្វើឲ្យទឹកចិត្តរបស់ ក្រុមគ្រូពេទ្យ របស់លោក កាន់តែមានទឹកចិត្តបន្ថែមទៀត សម្រាប់ការចូលរួម ជួយព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋកម្ពុជា បន្ថែមទៀត។
លោកបានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រុមគ្រូពេទ្យរបស់លោកគឺមានពេទ្យ ចំនួន១២នាក់ ដែលប្រចាំការ នៅខេត្តកំពង់ចាម។ ហើយរហូតមកដល់ថ្ងៃសុក្រក ន្លងមកនេះ គឺបេសកកម្ម របស់លោកបានបញ្ចប់ ទទួលបាននូវភាពជោគជ័យ គឺអ្នកជំងឺប្រមាណជា ៨២០៨នាក់ ទូទាំងខេត្តមានបញ្ហាភ្នែក កើតកន្ទុយថ្លែននោះ ហើយទទួលបាន នូវការព្យាបាល និងជាសះស្បើយ។
លោកក៏បានគោរពជម្រាបជូន ផងដែរថា បន្ទាប់ពីបេសកកម្ម នៅខេត្តកំពង់ចាម ហើយលោកនឹងបន្តទៅកាន់ ខេត្តព្រៃវែងទៀត ដោយឧបករណ៍ សម្ភារៈគ្រឿងប្រើប្រាស់ នៅខេត្តកំពង់ចាម គឺរក្សានៅខេត្តកំពង់ចាម ដដែល ផ្ទុយទៅវិញ លោកនឹងយកឧបករណ៍ថ្មី ទៅកាន់ខេត្តព្រៃវែង ជាបន្តទៀត។
លោក បន្តទៀតថា អ្វីដែលក្រុមគ្រូពេទ្យធ្វើ នៅពេលនេះ
ទី១)បម្រើការងារមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា
ទី២)ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់ មួយផ្លូវមួយរបស់ចិន។
ក្នុងន័យនេះដើម្បី បំពេញបេសកកម្ម របស់លោក ឱ្យទទួលបានភាពជោគជ័យ នៅខេត្តព្រៃវែង លោកបានស្នើសុំសម្ដេចតេជោ អោយក្រសួងសុខាភិបាល បន្តគាំទ្រដល់ក្រុមការងារ របស់លោក ជាបន្តទៀតក្នុងគោលដៅ ជួយដល់ប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ជុនយីង ក៏ដូចជាក្រុមការងារ និងគ្រូពេទ្យទាំងអស់ ដែលបានផ្ដល់ការបរិច្ចាគ ដើម្បីបម្រើផល ប្រយោជន៍មនុស្សធម៌ ដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍ថា ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលកាលពីដើមឡើយ មានខេត្តត្បូងឃ្មុំ រួមបញ្ចូលដែរ ប៉ុន្តែក្រោយមកត្រូវបំបែក ជាពីរខេត្តផ្សេងគ្នា។ ដោយឡែកការទាក់ទង ទៅនឹងការព្យាបាលជំងឺភ្នែក ជាបន្តទៀតទៅដល់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង សម្ដេចតេជោ បានមានប្រសាសន៍ថា ទីនោះក៏ជាទីតាំងល្អដែរ ហើយគប្បីណាជួយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ខេត្តព្រៃវែងផងដែរ រួមមានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ជាដើម។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តថា ការជួយប្រជាពលរដ្ឋ យើងឱ្យមានភ្នែកភ្លឺឡើងវិញនេះ ជាការពិតណាស់ គឺជាការងារមនុស្សធម៌មួយ ហើយសម្ដេចតេជោ យល់ច្បាស់នូវអារម្មណ៍ ដែលប្រជាពលរដ្ឋ ទទួលបានភ្នែកភ្លឺ មកវិញនេះ ហើយសម្ដេចតេជោ ក៏បានមានប្រសាសន៍ថា តាមព្រះពុទ្ធសាសនា ការធ្វើអំពើល្អតែងតែ បានបុណ្យកុសល ច្រើនណាស់។ ក្នុងន័យនេះ សម្ដេចតេជោ ជួសមុខឱ្យប្រជាពលរដ្ឋ កម្ពុជាទាំងអស់ដែល បានទទួលព្យាបាលភ្នែកភ្លឺ ឡើងវិញ សូមថ្លែងអំណរគុណ ចំពោះលោក និងក្រុមការងារ និងអ្នកឧបត្ថម្ភទាំងឡាយ ដែលបានជួយព្យាបាល ជម្ងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយសូមឱ្យលោក និងក្រុមការងារ បន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តផ្សេងៗ ជាបន្តបន្ទាប់ទៀត ៕