ព័ត៌មានជាតិ

មន្ត្រីចរចានុយក្លេអ៊ែ សហរដ្ឋអាមេរិក ធ្វើដំណើរមកដល់ទីក្រុងសេអ៊ូល មុនកាលពីកំណត់របស់ កូរ៉េខាងជើង

បរទេស៖ មន្ត្រីចរចានុយក្លេអ៊ែ ជាន់ខ្ពស់សហរដ្ឋអាមេរិក លោក Stephen Biegun បានទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការតេស្តសាកល្បង ម៉ាស៊ីនរ៉ុកកែតកូរ៉េខាងជើង នៅក្នុងខែនេះ មុនពេលផុតកំណត់ចុងឆ្នាំ ដែលទីក្រុងព្យុងយ៉ាងកំណត់ ឲ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញនូវភាពបត់បែន ក្នុងដំណើរជំរុញកិច្ចពិភាក្សា នុយក្លេអ៊ែដែលជាប់គាំង។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់មន្ត្រីចរចាជាន់ខ្ពស់សហរដ្ឋអាមេរិកនេះ តាមសេចក្តីរាយការណ៍ ត្រូវបានធ្វើឡើង ស្របពេលមានក្តីព្រួយបារម្ភ កំពុងតែកើនខ្លាំងឡើង ជុំវិញភាពអាចកើតមាន នៃការពាក់ព័ន្ធកូរ៉េខាងជើង ក្នុងសកម្មភាពបង្កហេតុ ដូចជាការបាញ់រ៉ុកកែត វាយប្រហារក្នុងចម្ងាយឆ្ងាយ ស្របពេលគ្មានការវិវត្តទៅមុខ ក្នុងកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក។

ប៉ុន្តែនៅពេលមកដល់អាកាសយានដ្ឋានមួយ នៅខាងលិចទីក្រុងសេអ៊ូល តំណាងពិសេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ដែលបច្ចុប្បន្ននេះជាបេក្ខភាព អនុរដ្ឋមន្ត្រីការបរទេសអាមេរិកផងនោះ បានបដិសេធមិនឆ្លើយសំនួរ របស់អ្នកសារព័ត៌មាននោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top