ព័ត៌មានជាតិ

ក្រសួងកសិកម្ម បញ្ជាក់ថា ស្រូវមិនធ្លាក់ថ្លៃដូចការ លើកឡើងរបស់មតិរិះគន់មួយចំនួនឡើយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចតាមការលើកឡើងរបស់មតិរិះគន់ពីសំណាក់អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុកឡើយ ព្រោះជាក់ស្ដែងនៅតាមបណ្តាខេត្តមួយចំនួន កំពុងមមាញឹកក្នុងការប្រមូលផល ពោរគឺស្រូវនៅមានតម្លៃ សមរម្យនៅជាធម្មតា លើកលែងតែស្រូវដែលមានគុណភាពអន់តែប៉ុណ្ណោះ ។

កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកមួយចំនួនបានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងពាក់ព័ន្ធ នឹងតម្លៃស្រូវគ្រប់ប្រភេទថា ធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដូចជា ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឲ្យសមស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា “បើតាមការស្រាវជ្រាវព័ត៌មានពីបណ្តាមន្ទីរកសិកម្មខេត្ត បានបង្ហាញថា នៅតាមបណ្តាខេត្តដែលបាននិងកំពុងមមាញឹក ក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវ ដែលមានគុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ” ។ 

សេចក្ដីប្រកាសព័ត៌មានបញ្ជាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញផងដែរ។ 

សេចក្ដីប្រកាសបន្ថែមថា នៅថ្ងៃទី១៩ ធ្នូ ស្អែកនេះ ក្រសួងកសិកម្មនឹងធ្វើពិធីប្រកាស ជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករនិងធានាបាននូវ ស្ថិរភាពតម្លៃទីផ្សារស្រូវអង្កររបស់ប្រជាកសិករ៕

ដោយ៖ ធី លីថូ

To Top