ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន៖ សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-វៀតណាម ជាការយកចិត្តទុកខ្ពស់បំផុត របស់សម្តេចតេជោ ចំពោះពលរដ្ឋរស់នៅតាមព្រំដែន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ កម្ពុជា-វៀតណាម បានបញ្ជាក់ថា ការធ្វើលំហាត់សង្គ្រោះគ្រោះ មហន្តរាយនៅតំបន់ ព្រំដែនគោករវាងកម្ពុជា-វៀតណាម ជាយកចិត្តទុកខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជា-វៀតណាម បានរៀបចំសមយុទ្ធរួមគ្នា នៅក្នុងភូមិសាស្រ្ត ឃុំទូលស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្ដរាយ កើតឡើងដូចជា៖ គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ សមយុទ្ធនេះក៏នឹងចូលរួមចំណែកលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាម តំបន់ព្រំដែនឲ្យមានការរីកចម្រើនផងដែរ ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាន ពេលចុះពិនិត្យទីតាំងរៀបចំលំហាត់សង្គ្រោះ នៅឃុំសួស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩​ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា គោលការណ៍នៃការធ្វើនេះ សំខាន់លោក (សម្តេចតេជោ) ក្តាប់បានច្បាស់ណាស់អំពីសុខទុក្ខ របស់ប្រជាជននៅតាមព្រំដែន យើងបើគិតពីអតីតកាលតំបន់ព្រំដែន កម្ពុជា-វៀតណាម ជាតំបន់មួយគ្រោះថ្នាក់ដោយសង្គ្រាម អត់មានផ្ទះ អត់មានផ្លូវ សូម្បីថាយើងមានការអភិវឌ្ឍអត់មានទេ។ ប៉ុន្តែដល់ពេលនេះ ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លោកបានធ្វើការងារប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្តថា គ្រោះថ្នាក់គ្រោះមហន្តរាយតាមព្រំដែន វាជារឿងធម្មជាតិ ដោយគ្រោះធម្មជាតិនេះ វាបានកើតឡើងដោយមិនដឹង និងមិនប្រាប់មុនថា កើតឡើងលើអ្វី ហើយនៅពេលណានោះទេ។ ដូច្នេះដើម្បីជួយប្រជាជននៅតាមតំបន់ព្រំដែន ដែលបានរងគ្រោះដោយសារ គ្រោះមហន្តរាយដោយសារធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តយ៉ាងខ្លាំង។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានឲ្យដឹងថា នៅតាមព្រំដែនកម្ពុជា-វៀតណាម គឺប្រជាពលរដ្ឋខ្មែរ បានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះ ខ្យល់កន្ត្រាក់វាអាចកើតឡើងជារៀងរាល់ឆ្នាំ ដែលបានប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រជាជន និងធ្វើឲ្យបាត់បង់ដល់អាយុជីវិត ទ្រព្យសម្បតិ្តជាដើម។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា នៅលើពិភពលោកនេះ មានតែកម្លាំងកងទ័ព ដែលចល័តជួយសង្រ្គោះដល់ ប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបប្រទះគ្រោះមហន្តរាយ ឬឧប្បត្តិហេតុផ្សេងៗដែលកើតមានឡើង។

លោកនាយឧត្តមសេនីយ៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់ ប្រជាជនពលរដ្ឋរស់ នៅតាមបណ្តោយព្រំដែន ដូច្នេះហើយក៏បានធ្វើ លំហាត់សង្គ្រោះគ្រោះមហន្តរាយ ដោយប្រើប្រាស់កម្លាំងកងទ័ពតាមជំនាញ ដែលត្រូវអនុវត្ត ហើយក៏បានបង្កើតនៅមណ្ឌលសុខភាពមួយ ដើម្បីព្យាបាលដល់ប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយកើតឡើង សម្រាប់សង្គ្រោះប្រជាពលរដ្ឋ នៅតាមព្រំដែនឲ្យបានទាន់ពេលវេលា ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា លំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាមនាពេលនេះមានលំហាត់ចំនួន៤ រួមមាន៖

*លំហាត់ទី១៖ ការជួយសង្គ្រោះប្រជាជន នៅពេលមានទឹកជំនន់ជន់លិច ដោយមានឧទ្ធភាគចក្រពីរគ្រឿង សម្រាប់ហោះត្រួតពិនិត្យភូមិសាស្ត្រលិចទឹក និងដឹកប្រជាពលរដ្ឋមកទីទួលលសុវត្ថិភាព។
*លំហាត់ទី២៖ គឺជាលំហាត់ទាក់ទងការ បន្សាបសារធាតុគីមី នាយទាហនជំនាញគីមីសាស្ត្រ ធ្វើសកម្មភាពបន្សាបសារធាតុគីមី នៅពេលមានការសាយភាយជាតិគីមីចេញពីរោងចក្រ និងកាកសំណល់សង្គ្រាម។
*លំហាត់ទី៣៖ គឺជាសកម្មភាពរបស់កម្លាំង កងពលទ័ពពិសេសឆត្រយោងលេខ ៩១១ កម្លាំងកងពលតូចលេខ ៧០ និងកម្លាំងកងទ័ពជើងទឹក ដែលបានធ្វើការរុករក និងដឹកជញ្ជូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដែលមានការកសាងរោង សម្រាប់ដាក់ប្រជាជនរងគ្រោះ និងការធានាជីវភាពរស់នៅក្នុងរយៈពេលខ្លីមួយ ។
*លំហាត់ទី៤៖ គឺជាសកម្មភាព ដឹកជញ្ជូនប្រជាជនទៅមណ្ឌលសុខភាព នៅពេលប្រជាពលរដ្ឋមានជំងឺផ្សេងៗ ឲ្យបានទាន់ពេលវេលា។

គួរជម្រាបថា នេះជាការធ្វើលំហាត់ សង្គ្រោះគ្រោះមហន្តរាយលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។ ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយ ប្រទេសជិតខាងដូចជាថៃ និងឡាវផងដែរ មិនមែនតែជាមួយប្រទេសវៀតណាមនោះទេ ៕

To Top