នយោបាយ

សម្ដេចតេជោ ៖ ២ធ្នូ សម្រាប់ខ្ញុំ មានរហូតដល់ ៣ (វីដេអូ)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញ ពីប្រវត្តិតស៊ូ របស់សម្តេច និងបុគ្គលសំខាន់ ជាច្រើននាក់ផ្សេងទៀត ដែលបានលះបង់បង់ ដើម្បីជាតិ នាអំឡុងខែធ្នូ កាលពីអតីតកាល ថា ២ធ្នូ សម្រាប់សម្ដេច មិនមែនមានត្រឹមតែមួយនោះទេ គឺមានរហូតទៅដល់៣ ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ បានលើកឡើងពីរឿងរ៉ាវ កើតឡើងក្នុងខែធ្នូក្នុងនោះ កម្ពុជាបានធ្វើខួបលើកទី៤២ឆ្នាំ នៃការបង្កើតរណស្សិរសាមគ្គីសង្រ្គោះជាតិកម្ពុជា ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា “ក៏ប៉ុន្តែ២ធ្នូ សម្រាប់ខ្ញុំ មិនមែនមានត្រឹមតែ២ធ្នូមួយទេ សម្រាប់ខ្ញុំ គឺមាន២ធ្នូរហូតទៅដល់៣ឯណោះ” ។

២ធ្នូទាំង៣ ដែលសម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ រួមមាន ៖ ទី១- ២ធ្នូនៃការបង្កើតរណស្សិរសាមគ្គីសង្រ្គោះជាតិកម្ពុជា (១៩៧៨) , ទី២- ២ធ្នូ ជំនួបចរចាលើកដំបូង រវាងសម្ដេចជាមួយសម្ដេចព្រះបាទ ព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា នៅហ្វ៊័រអង់តាដូណល (ព្រឹត្តិការណ៍២ធ្នូ ទាក់ទិនជាមួយសន្តិភាព របស់កម្ពុជា) ចំណែកទី៣- ២ធ្នូ ១៩៨៧ រហូតដល់២ធ្នូ២០១៩ ដោយគិតមកដល់ពេលនេះ មានរយៈពេល៣២ឆ្នាំហើយ នៃការចរចា រវាងសីហនុ-ហ៊ុន សែន ដែលជាការចាប់ផ្ដើម បើកទំព័រប្រវត្តិសាស្រ្ត នៃការដោះស្រាយបញ្ហា កម្ពុជា តាមផ្លូវនយោបាយ ។

នាយករដ្ឋមន្រ្តីបន្ថែមថា បើគ្មាន២ធ្នូ ១៩៧៨ ទេនោះ ក៏អត់មានការកើតឡើង២ធ្នូ ១៩៨៧ដែរ ហើយបើអត់មាន២ធ្នូ ១៩៨៧ទេ នោះក៏អត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ១៩៩១ដែរ ។

សម្ដេចសង្កត់ធ្ងន់ថា ជំនួបចរចាលើកដំបូង សម្ដេចព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះអង្គបានជួបការលំបាកយ៉ាងខ្លាំង ទម្រាំបានការចរចា ព្រោះត្រូវបានរារាំងពីសំណាក់ប្រទេសខ្លះ និងក្រុមខ្លះ នៅក្នុងត្រីភាគី ដោយមិនឲ្យព្រះអង្គ មកចរចា តែព្រះអង្គបានជំនះឲ្យខានតែបាន ខណៈនោះបារាំង ក៏បានជួយសម្រួលឲ្យផងដែរ ៕ ដោយ៖ធី លីថូ

To Top