កំពង់ធំ៖ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាក្រុមការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្តួចផ្តើម “កម្មវិធីសម្អាតរបស់ណាហ្គាវើលដ៍” ដោយសហការជាមួយអង្គការ GoGreen Cambodia។
ដោយបានចូលរួមក្នុងទិវាសម្អាត ពិភពលោកកាលពីខែកញ្ញាក្នុងឆ្នាំមុន ណាហ្គាវើលដ៍បេះដូងសប្បុរស ក្នុងឆ្នាំនេះបានបន្តជួយលើកកម្ពស់ ការយល់ដឹងអំពីផលប៉ះពាល់ អវិជ្ជមាននៃផលិតផលប្លាស្ទិក ដែលប្រើម្តងចោល និងវិធីគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ អ្នកស្ម័គ្រចិត្តជាង ៥៣០ នាក់ដែលក្នុងនោះមាន បុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ បានដើរប្រមូលសំរាមបាន ៤៩២ គីឡូក្រាមនៅតាមដងផ្លូវ ក្នុងស្រុកបារាយណ៍ និងស្រុកស្ទោងខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។
សំរាម គឺជាបញ្ហាសកលដែល តែងតែកើតមានឡើងឥតឈប់ឈរ ខណៈប្រជាជននៅក្នុងពិភពលោក បានបង្កើតសំរាមច្រើនហួសកម្រិត។ យោងទៅតាមរបាយការណ៍ របស់ធនាគារពិភពលោក មានសំរាមរឹងនៅតាមទីក្រុងប្រមាណ ២,០១ ពាន់លានតោនជារៀងរាល់ឆ្នាំ ជុំវិញពិភពលោកដែលក្នុងនោះ យ៉ាងហោចណាស់មាន ៣៣ភាគរយមិនត្រូវបាន គ្រប់គ្រងបានល្អឡើយដែល ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
ដូចនៅក្នុងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងសំរាមផងដែរ ដោយសារចំនួនប្រជាជនមានការកើនឡើង និងការពង្រីកនៃទីក្រុង។ ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ នៅមានកម្រិត ខណៈមិនមានការប្រមូលសំរាម និងរោងចក្រកែច្នៃសំរាមគ្រប់គ្រាន់។ យោងទៅតាមរបាយការណ៍ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថានកម្ពុជា សំរាមនៅក្នុងប្រទេស បានកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ។ គ្រាន់តែរាជធានីភ្នំពេញមួយប៉ុណ្ណោះ មានសំរាមប្រហែល ៣.០០០ តោនដែលត្រូវបានប្រមូលរៀងរាល់ថ្ងៃ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “ការប្រមូលសំរាម គឺជាជំហានដ៏មានឥទ្ធិពលមួយ ក្នុងការជួយលើកកម្ពស់ការ យល់ដឹងអំពីបញ្ហាកាកសំណល់រឹង ដូច្នេះហើយបានជាណាហ្គាវើលដ៍ បានរៀបចំសិក្ខាសាលាស្តីពី ‘ការអនុវត្តល្អបំផុតដើម្បី កាត់បន្ថយកាកសំណល់ប្លាស្ទិក’ នៅថ្ងៃទី២៣ និងទី២៤ ខែសីហា ឆ្នាំ២០១៩ នៅណាហ្គាវើលដ៍នេះឡើង។ បន្ទាប់មក យើងបានដើរប្រមូលសំរាម ក្នុងខេត្តកំពង់ធំជាមួយសិស្សានុសិស្ស និងសហគមន៍ គឺដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរបន្ទាន់ និងបង្កើតទម្លាប់ល្អក្នុងការគ្រប់គ្រង សំរាមឲ្យបានត្រឹមត្រូវដើម្បី សុខុមាលភាពនៅក្នុងសហគមន៍”។
លោក Pern Chen បន្ថែមថា “បញ្ហាប្រឈមមួយដែលគួរ ឲ្យព្រួយបារម្ភរបស់មនុស្ស គឺសំរាម។ យើងត្រូវរិះរកគ្រប់មធ្យោបោយ និងត្រូវចាប់ផ្តើមជាមួយ នឹងខ្លួនឯងដើម្បីការពារបរិស្ថាន និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែបៃតង និងស្រស់បំព្រង”។
ចំណែកអ្នកស្រី Natalja Rodionova ស្ថាបនិកអង្គការ GoGreen Cambodia បាននិយាយថា “ថ្វីត្បិតប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ យើងដែលជាប្រជាជននៅក្នុងសហគមន៍ គួរយកចិត្តទុកដាក់ជាងមុន ទៅលើបញ្ហាបរិស្ថានដែលអាច បង្កបញ្ហាជាច្រើនដល់មនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានបោះជំហានមួយទៀត ជួយគ្រប់គ្រងកាកសំណល់រឹង។ សូមអរគុណចំពោះ កិច្ចសហការមួយនេះ” ៕