ព័ត៌មានជាតិ

១០ឆ្នាំកម្ពុជានាំចេញអង្ករ ទៅក្រៅប្រទេសជាង ៤លានតោន

ភ្នំពេញ៖ ក្នុងរយៈពេល ១០ឆ្នាំ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេស ជាង៤លានតោន ក្នុងនោះ នាំចេញទៅ៤៦ប្រទេស នៅជុំវិញពិភពលោក។

នេះជាការលើកឡើងរបស់លោក សុង សារ៉នប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វិធានការរក្សាតម្លៃឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រៀបចំឡើងដោយអង្គភាព រាជរដ្ឋាភិបាល ។

ការរៀបចំសន្និសីទនេះ ក្រោយមានមតិមួយចំនួន ពិសេសប្រជាកសិករបានរអ៊ូរទាំថា តម្លៃស្រូវមានការចុះថ្លៃធ្វើឲ្យពួកគាត់លំបាកលក់ចេញ ទោះបីរាជរដ្ឋាភិបាលទំលាក់ថវិកា ៥០លានដុល្លារស្រោចស្រងតម្លៃស្រូវដែលធ្លាក់ចុះ។

ចំពោះតម្លៃអង្ករ លោក សុង សារ៉ន បានថ្លែងឲ្យដឹងថា អង្ករសែនក្រអប់របស់កម្ពុជា គឺជាទីផ្សារទីមួយដែលមានភាព ល្អប្រសើ  សម្រាប់បណ្ដាប្រទេសនៅលើពិភពលោកទិញ ដោយស្មោះត្រង់។

លោកមានប្រសាសន៍ថា “រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ពី២០១៩ ត្រឹមខែវិច្ឆិកានេះ បានចំនួន ៤លានជិត២សែនតោន។ដូច្នេះការនាំពេញអង្ករបស់យើង រយៈពេល១០ឆ្នាំនេះ យើងនាំចេញជិត៤៦ប្រទេស នៅលើពិភពលោក គាត់បានហូបអង្ករបស់យើង”។

លោករៀបរាប់ថា បន្ទាប់ពីសហភាពអឺរ៉ុប (EU) យកពន្ធអង្ករកម្ពុជាពីដើមខែមករា ឆ្នាំ២០១៩ គឺក្នុងរយៈពេល២-៣ ខែដំបូងអង្ករកម្ពុជានាំចេញទៅ EU រៀងលំបាក ក្នុងការទិញអង្ករពីកម្ពុជា។លោកថា ក្រោយមកអង្ករកម្ពុជា មានគុណភាពល្អ និងមានអតិថិជនពេញចិត្តច្រើន ទើបអង្ករកម្ពុជាមានការផ្លាស់ប្ដូរ ធ្វើឲ្យប្រជាជននៅ EU បានទិញអង្ករកម្ពុជាច្រើនជាងមុន។ ក្នុងនោះ អង្ករសែនក្រអូបទៅទីផ្សារ EU មានកើនឡើងខ្ពស់។

ឆ្លៀតឱកាសនោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក ម៉ាក់ សឿន បានលើកឡើងថា នៅ ឆ្នាំ២០១៩ នេះចិនគឺជាប្រទេសទី១ ស្រូបយកអង្កច្រើនជាងគេពីកម្ពុជា រហូតទៅដល់ ជាង២២៥ពាន់តោន ។ លោក សង្ឃឹមថា នៅឆ្នាំ២០២០ ខាងមុខ ចិននឹងទិញអង្ករពីកម្ពុជា ច្រើនជាងនេះទៀត។

បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ទៀតថា លទ្ធភាព ប្រកួតប្រជែងនាំអង្ករកម្ពុជា ទៅក្រៅប្រទេស គឺប្រើប្រាស់ពូជស្រូវសែនក្រអប់ ដែលអនុវត្តតាមសេរីរាង និងកសិកម្មល្អ ផងដែរ។

ចំណែក លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍជនបទ បានថ្លែងថា សព្វថ្ងៃស្រូវនៅកម្ពុជា ក្នុង១គីឡូក្រាម ជាង១ពាន់រៀល ដូច្នេះ កសិករបានចំណេញយ៉ាងច្រើន បើសិនកសិករធ្វើស្រូវទទួល បានផលល្អ៕

ដោយ៖ អេង ប៊ូឆេង

To Top