ភ្នំពេញ៖ ស្របពេលដែលប្រទេសចិន នឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន នាថ្ងៃខាងមុខ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញមោទកភាពយ៉ាងខ្លាំង ដែលប្រទេសកម្ពុជា នឹងអាចនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ លែងឆ្លងកាត់ឈ្មួញកណ្ដាល ដែលជាប្រទេសទី៣ទៀតហើយ ខណៈរាជរដ្ឋាភិបាល គ្រោងបញ្ចេញថវិកា ១០០លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភធន និងជាជំនួយបច្ចេកទេសផ្សេងៗ ដល់សហគ្រាសធុនតូច និងមធ្យម(SME)នៅកម្ពុជា។
សូមរំលឹកថា ប្រសិនបើដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ខណៈកម្ពុជាមានសក្តានុពល ក្នុងការនាំចេញផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខ នឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
ក្នុងឱកាសដឹកនាំ ក្រុមអ្នកសារព័ត៌មាន មកពីចម្រុះស្ថាប័ន ចុះទៅទស្សនកិច្ចនៅចំការស្វាយ និងរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា “យើងមានមោទកភាពស្វាយយើង ដែលនៅក្រោមឥទ្ធិពលបរទេស មកទិញមកដូរ ក៏ប៉ុន្តែប្រមូលស្វាយ (នាំចេញ) ទៅប្រទេសចិន ឥឡូវនេះយើងបានជំនួសសេវាហ្នឹង ហើយលក់ឲ្យទៅប្រទេសចិនផ្ទាល់ រយៈរោងចក្រនេះឯង”។
លោក ផៃ ស៊ីផាន ក៏បានប្រាប់ទៅកាន់មន្រ្តីជំនាញ ពាក់ព័ន្ធទាំងអស់ត្រូវចុះពិនិត្យតាមដាន ដោះស្រាយបញ្ហា ជូនប្រជាកសិករ នៅមូលដ្ឋានជាប់ជាប្រចាំ នៅនឹងកន្លែង ឲ្យបានទាន់ពេលវេលាដោយផ្ទាល់ មិនចាំបាច់ទាល់តែរាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តីតាមក្រសួងជំនាញណែនាំ ឬដាក់បទបញ្ជានោះទេ។
ក្នុងឱកាសនោះដែរ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខេត្តកំពង់ស្ពឺ មានផ្ទៃដីដាំដុះដំណាំស្វាយជិត ៥ម៉ឺនហិកតា ហើយផ្ទៃដី ដែលដាំដុះស្វាយបានល្អនោះ មាននៅក្នុងស្រុកភ្នំស្រួច ឱរ៉ាល់ ថ្ពង និងបសេដ្ឋ ចំណែករោងចក្រកែច្នៃផ្លែស្វាយ មានចំនួន៤ និងរោងចក្រវេចខ្ចប់មានចំនួន១។ ដោយឡែកតម្លៃស្វាយកែវរមៀត ដែលក្រុមហ៊ុនប្រមូលទិញវិញ ក្នុងមួយគីឡូក្រាម ប្រមាណ ១,៤៥០រៀល។
ចំណែកលោក ហេង ស្រេង តំណាងរោងចក្រផលិតដំណាប់ស្វាយបឹងកេត ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកែច្នៃផ្លែស្វាយធ្វើជាដំណាប់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននោះ បានឱ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនរបស់លោក ត្រូវការផ្លែស្វាយចន្លោះពី ១៥០តោន ទៅ១៨០តោន សម្រាប់ធ្វើដំណាប់។ ប៉ុន្តែបច្ចុប្បន្ន ប្រមូលទិញបានចន្លោះពី ៦០តោន ទៅ១០០តោនតែប៉ុណ្ណោះ ដូច្នេះមិនទាន់គ្រប់គ្រាន់ សម្រាប់ផលិតនិងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិននៅឡើយទេ។
ជាមួយគ្នានោះដែរ លោក អ៊ិន ឆាយវ៉ាន ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្វាយរបស់កម្ពុជា មានគុណភាពល្អនិងរសជាតិឆ្ងាញ់ ជាងបណ្ដាប្រទេសដទៃ ដោយមានការទទួលស្គាល់ពីប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។ ប្រសិនបើគ្មានការបំផ្លាញពីសត្វចង្រៃ ឬកត្តាគ្រោះធម្មជាតិនោះទេ លោកអះអាងថា ជាទូទៅចំការស្វាយក្នុងមួយហិកតា ដែលមានស្វាយប្រមាណ ២០០ទៅ២៥០ដើម អាចប្រមូលផលបាន ប្រមាណ១៥ទៅ២៥តោន។
ក្រោយសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ មើលរំលងការងារក្នុងស្រុកហើយ រោងចក្រមួយចំនួន កំពុងខ្វះកម្លាំងពលកម្មផងនោះ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺរូបនេះ បានអះអាងថា គ្រាន់តែអ្នករើសស្វាយនៅចំការរបស់លោក ក្នុងមួយថ្ងៃរកចំណូលបាន ៥ម៉ឺនរៀល ចំណែកអ្នកបេះក្នុងម្នាក់ ៣ម៉ឺនរៀល។ ដូច្នេះលោកអំពាវនាវ ដល់ពលរដ្ឋទាំងអស់ ឲ្យងាកមកចាប់អារម្មណ៍ លើការងារក្នុងស្រុកឲ្យបានច្រើន ដោយជាពិសេសមានឱកាស បាននៅក្បែរក្រុមគ្រួសារ កាត់បន្ថយការចំណាយ និងមិនសូវមានហានិភ័យការងារផងដែរ។
តំណាងកសិករស្វាយគិរីរម្យ ដែលមានសមាជិកសហគមន៍ ជាកសិករច្រើនគ្រួសារគូរសមដែរនោះ បានអះអាងថា កសិករបច្ចុប្បន្ន មានការយល់ដឹងច្រើន ពីបច្ចេកទេសកសិកម្ម លែងធ្វើកសិកម្មតាមទម្លាប់ទៀតហើយ តែបញ្ហាប្រឈមនោះ គឺខ្វះដើមទុនសម្រាប់ដាំស្វាយ និងចំណាយលើពលកម្មជាដើម។ អ្នកស្រី ស្នើរាជរដ្ឋាភិបាល គួររៀបចំកញ្ចប់ថវិកា ជួយដល់សហគមន៍ ក៏ដូចជាអ្នកដាំដុះស្វាយ ឲ្យដូចវិស័យផ្សេងៗផងដែរ ។
ចំពោះ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាប្រជាកសិករម្នាក់ ដែលបានដាំដុះដំណាំស្វាយ លើផ្ទៃដីប្រមាណជាង១០០ហិកតា នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផងនោះ បានលើកឡើងជាទស្សនៈថា ប្រសិនបើរាជរដ្ឋាភិបាល ទម្លាក់កញ្ចប់ថវិកាជាកម្ចី ឬជាជំនួយក្ដីផ្គត់ផ្គង់ ដល់អ្នកដាំស្វាយនឹងជួយលើកកម្ពស់ ដល់ជីវភាពរបស់ពួកគេ ខណៈដំណាំស្វាយក្នុងខេត្តកំពង់ស្ពឺ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋ។
ក្រោយសង្កេតឃើញកន្លងមក មានតែឈ្មួញវៀតណាមតែប៉ុណ្ណោះ ដែលមកទិញស្វាយពីកម្ពុជា ដើម្បីកែច្នៃនាំចេញទៅស្រុកចិននោះ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ក៏បានលើកឡើងថា ស្វាយរបស់ខ្មែរសោះ ហេតុអ្វីបានឲ្យវៀតណាម អាចយកទៅលក់នៅស្រុកចិន ហើយដាក់ឈ្មោះថា ស្វាយរបស់វៀតណាមទៅវិញ រឿងអ្វីយើងមិនអាចលក់ដោយផ្ទាល់ ទៅកាន់ទីផ្សារចិនបាន រឿងអ្វីឲ្យវៀតណាម កេងចំណេញលើខ្មែរយើងបាន។ ដូច្នេះលោកបានសម្ដែងការគាំទ្រ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកចំហទីផ្សារសេរី ឲ្យវិនិយោគិនចិន ឬបរទេសមកបណ្ដាក់ទុនវិនិយោគ បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែស្វាយ សម្រាប់នាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ នាពេលខាងមុខនេះ។
គួរជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រណញ់ និងនេសាទ កាលពីពេលថ្កមីៗនេះ បានក្រើនរំលឹក ក៏ដូចជាអំពាវនាវ ទៅដល់ម្ចាស់ចំការស្វាយទាំងអស់ ឲ្យទៅចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងនាំផ្លែស្វាយចេញ ទៅកាន់បរទេសនាពេលខាងមុខ ខណៈកម្ពុជាបានសម្រេច ការចរចាក្នុងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន កូរ៉េខាងត្បូងរួចរាល់ហើយ ស្របពេលដែលវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានចូលរួមវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងសម្លាប់មេរោគ ដើម្បីអាចឲ្យកម្ពុជាសម្រេចបាន គោលដៅនាំចេញផ្លែស្វាយ ក្នុងបរិមាណយ៉ាងតិចពី៥០-៦០ម៉ឺនតោន នៅឆ្នាំ២០២៣ខាងមុខ ។
សូមបញ្ជាក់ថា ចំការស្វាយនៅកម្ពុជា មានជាង១០ម៉ឺនហិកតា។ ខេត្តដែលមានផ្ទៃដី ដាំដុះស្វាយច្រើនជាងគេ មានដូចជា ៖ កំពង់ស្ពឺ , បាត់ដំបង , កំពត និងបន្ទាយមានជ័យ ហើយស្វាយដែលមានគុណភាពល្អជាងគេ គឺនៅខេត្តកំពង់ស្ពឺ ៕