ព័ត៌មានជាតិ

កម្មកររោងចក្រ អេសអ៊ីអ៊ីអេស គ្លូប៊ល ហែក្បួនថ្មើរជើង យកញ្ញត្តិទៅដាក់ នៅគេហដ្ឋាននាយករដ្ឋមន្ត្រី ស្នើសុំបើកប្រាក់ បុរេប្រទាន

ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី នៃក្រុមហ៊ុន អេសអ៊ីអ៊ីអេស គ្លូប៊ល ដែលមានទីតាំង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រាប់រយនាក់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនដោយថ្មើជើងទៅគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យសម្តេច បើកប្រាក់បុរេប្រទាន ។ នេះបើតាមយោងតាម unionwebs.org ។

ការហែក្បួន របស់កម្មករ ដើម្បីឲ្យសម្តេចតេជោ ជួយអន្តរាគមន៍ដោះស្រាយ បន្ទាប់ពីពួកគេបានផ្ទុះការតវ៉ា នៅខាងមុខរោងចក្រអស់រយៈពេល មួយសប្តាហ៍ហើយ នៅតែមិនទាន់មានដំណោះស្រាយ ។ ការហែក្បួនដោយថ្មើរជើងនេះ ដោយសារតែមានការរារាំង ពីសមត្ថកិច្ចមិនឲ្យមានការជិះឡាន។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កម្មករនៃក្រុមហ៊ុន អេសអ៊ីអ៊ីអេស គ្លូប៊ល បានផ្ទុះការតវ៉ា ដោយសារថៅកែរោងចក្រ ជនជាតិកូរ៉េ រត់ចោលកម្មករ រោងចក្រចាស់ ទៅបើករោងចក្រថ្មី ដែលមានទីតាំងនៅ ជាប់របងជាមួយគ្នា ដោយមិនទទួលខុសត្រូវ ទូទាត់ប្រាក់រំលឹកអតីតភាព ការងារឡើយ ៕

To Top