ភ្នំពេញ ៖ ក្រោយបញ្ចប់ពិធីបុណ្យ សមុទ្រដោយរលូន លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្នុងពិធីបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ធ្នូ មានភ្ញៀវជាតិ-អន្ដរជាតិ ចូលរួមទស្សនាកម្សាន្ដ ប្រមាណជា៩០ម៉ឺននាក់ ។
ព្រឹត្តិការណ៍បុណ្យសមុទ្រ ឆ្នាំ២០១៩ លើកទី៨ ជុំទី២ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅពហុកីឡដ្ឋានខេត្តកំពត ។ ពិធីបុណ្យសមុទ្រឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។
ក្រោយបញ្ចប់បុណ្យលោក ជាវ តាយ ផ្ដល់បទសម្ភាន៍ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៣ ធ្នូ នេះថា បុណ្យសមុទ្រ៣ថ្ងៃបញ្ចប់ទៅដោយភាពរលូន និងមានសុវត្ថិភាពល្អដល់អ្នកចូលរួមទាំងអស់ ។
សម្រាប់ភ្ញៀវចូលទស្សនាលោករៀបរាប់ថា «ថ្ងៃទី១ប្រមាណជា១៨ម៉ឺននាក់ , ថ្ងៃទី២ ប្រមាណជា ៤០ម៉ឺននាក់ និងថ្ងៃទី៣ប្រមាណជា ២១ទៅ២២ម៉ឺននាក់ ។ អីចឹងសរុបទាំង៣ថ្ងៃ៩០ម៉ឺននាក់ ។ ទាំងនេះជារបាយការណ៍ ក្រសួងទេសចរណ៍ ប៉ានស្មាន ហើយចំនួននេះមានទាំងភ្ញៀវជាតិ និងអន្ដរជាតិ»។
ជាងនេះទៅទៀត អភិបាលខេត្តកំពតបញ្ជាក់ថា ក្នុងពិធីបុណ្យរយៈពេល៣ថ្ងៃនេះ មានកម្លាំងសមត្ថកិច្ចចម្រុះជាង១០០០នាក់ផងដែរ ដើម្បីការពារសុវត្ថភាព សន្តិសុខជូនភ្ញៀវ ដើរកម្សាន្ដ ៕
ដោយ ៖ អេង ប៊ូឆេង