នយោបាយ

លោក សុខ ឥសាន ៖ អ្នកព្រួយបារម្ភបាត់ EBA កំពុងបំផ្លាញសន្តិភាពកម្ពុជា

ភ្នំពេញ ៖ ក្រោយពីបុគ្គលមួយចំនួន ដែលជាក្រុមប្រឆាំង បាននិងកំពុងព្រួយបារម្ភ បាត់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធពីកម្ពុជា(EBA) លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច បានឆ្លើយតបវិញថា អ្នកដែលតាំងខ្លួនព្រួយបារម្ភទាំងនោះ កំពុងបំភិតបំភ័យសង្គម និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា ។

តាមនីតីវិធីសហភាពអឺរ៉ុប (EU) នឹងធ្វើសេចក្តីសម្រេចមួយ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ថា តើត្រូវដក ឬមិនដក EBA ពីកម្ពុជា ប៉ុន្តែ នៅពេលនេះគណៈកម្មការអឺរ៉ុប កំពុងពិនិត្យរបាយការណ៍ ការពារខ្លួនចុងក្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរងការចោទប្រកាន់ថា បានដើរថយក្រោយ។

លោក សុខ ឥសាន បានសរសេរក្នុងគ្រុបតេឡេក្រាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ថា អ្នកដែលដក EBA ពីកម្ពុជា គឺជាអ្នករំលោភសិទ្ធិមនុស្ស លើកម្មករនិយោជិត និងប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់។

លោកបន្តថា «អ្នកតាំងខ្លួនថា ព្រួយបារម្ភពីបាត់ EBA កំពុងបំភិតបំភ័យសង្គម និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា» ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×