ភ្នំពេញ៖ អង្គការ WWF បានប្រកាសពីដំណឹងយ៉ាង ក្រៀមក្រំ ពីកូន ផ្សោតមានអាយុទើបតែ ១១ ថ្ងៃ បានងាប់អណ្តែតលើ ទឹកចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។
ខណៈដែលក្រុមការងារ ស្រាវជ្រាវ កំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរក មូលហេតុជាក់លាក់ នៃការស្លាប់របស់កូនផ្សោត នេះ ការងាប់ដោយ ការជាប់មងនេសាទ ត្រូវបានគេដឹងថា ជាកត្តាគម្រាមកំហែង ដ៏ចម្បងមួយចំពោះ ការរស់រានរបស់សត្វផ្សោត ទន្លេមេគង្គ។
WWF ក៏អំពាវនាវឲ្យ មានការពង្រឹងការអនុវត្តច្បាប់ ជលផល បានតឹងរឹងបន្ថែមទៀត និងពង្រឹងការហាមប្រាម ដាច់ខាតចំពោះ ការប្រើប្រាស់មង នេសាទ។
WWF ក៏ស្នើយ៉ាងទទូចដល់ ក្រុមការងារទាំងអស់ ដែលរួមមាន៖ ឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាល ជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាក្នុងការតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទទាំងអស់តាមដងទន្លេមេគង្គបានតឹងរឹង ជាពិសេសគឺបង្ក្រាប រាល់ការប្រើប្រាស់មង នេសាទនៅក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ៕